ស្ថាប័នពាក់ព័ន្ធខេត្តក្រចេះរួមគ្នាបកស្រាយ៖ ករណីជនល្មើស កេត គីមសុង ជួញដូរសត្វព្រៃ គ្រាន់តែត្រូវពិន័យជាប្រាក់ មិនមែនជាប់ពន្ធនាគារឡើយ
L
Linda Sorn
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក កេត គឹមសុង ជាជនល្មើសដឹកសត្វព្រៃធ្វើអាជីវកម្ម ដែលសមត្ថកិច្ចខេត្តក្រចេះចុះឃាត់ខ្លួន ត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានបង់ពិន័យអន្តរការណ៍តាមច្បាប់ស្តីពីព្រៃឈើ។ នេះបើតាមការអះអាងរបស់លោក ឆន ស៊ីដន​ នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ មកកាន់អង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទនៅព្រឹកថ្ងៃទី៣១មករា ឆ្នាំ២០២៦។

លោក ឆន សុីដន​ នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ
លោក ឆន សុីដន​ នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ

នាយសង្កាត់រដ្ឋបាលព្រៃឈើ បញ្ជាក់ថា ការដោះលែងនេះ ធ្វើទៅតាមការណែនាំរបស់[លោក គី ប៉ុណ្ណារ៉ា] ព្រះរាជអាជ្ញាខេត្តក្រចេះ។ ដោយឡែក នៅថ្ងៃ៣០មករា ទំព័រហ្វេសប៊ុកទូរទស្សន៍ខេត្តក្រចេះ បានយកការបំភ្លឺរបស់រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះ ទៅបង្ហោះផ្សព្វផ្សាយ។ សេចក្តីបំភ្លឺដែលទូរទស្សន៍ខេត្តក្រចេះ ផ្សព្វផ្សាយនេះ មានខ្លឹមសារដូចអ្វីដែលនាយសង្កាត់រដ្ឋបាលព្រៃឈើ ថ្លែងក្នុងកិច្ចសម្ភាសជាមួយ SBM News។

បើតាមការបំភ្លឺនេះដដែល ជនល្មើសរងពិន័យបង់ពិន័យ ដោយសារដឹកជញ្ជូនសត្វព្រៃគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ ជុំវិញរឿងនេះ លោក អឿន សំអុល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ ពន្យល់ក្នុងកិច្ចសម្ភាសជាមួយ SBM News ថា ករណីរត់ពន្ធសត្វព្រៃ ឬដឹកជញ្ជូនសត្វព្រៃទៅធ្វើអាជីវកម្មនេះ មិនតម្រូវឱ្យឃុំខ្លួន ឬផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារទេ គឺត្រឹមតែពិន័យជាអន្តរការណ៍ តាមរយៈការបង់ប្រាក់ប៉ុណ្ណោះ។ 

លោក អឿន សំអុល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ
លោក អឿន សំអុល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ

បច្ចុប្បន្ន រថយន្ត ដែលផ្ទុកសត្វព្រៃ កំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ ចំពោះសត្វមួយចំនួន ត្រូវបានដោះលែងវិញ និងប្រគល់ជូននាយកដ្ឋានសត្វព្រៃ។ គួរជម្រាបថា ករណីរត់ពន្ធសត្វព្រៃខុសច្បាប់នេះ ត្រូវបានសមត្ថកិច្ចប្រដេញចាប់ត្រួតពិនិត្យនៅចំណុចរង្វង់មូលព្រាប-ស ក្រុងក្រចេះ នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២៧មករា។ សមត្ថកិច្ច រកឃើញថា ជនល្មើសបំផ្លាញធនធានធម្មជាតិរូបនេះ បានរត់ពន្ធសត្វព្រៃជាច្រើនប្រភេទ រួមមាន សត្វពង្រូលរស់១ក្បាល, សត្វពស់ព្រៃរស់ និងសាច់សត្វឈ្លូស ទម្ងន់១០គីឡូក្រាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត