
រាជធានីភ្នំពេញ៖ ជនជាតិវៀតណាម៥៩នាក់ (ស្រី១៦នាក់) ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ក្រោយរកឃើញពួកគេ លួចឆ្លងដែន ចូលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ តែពុំបានបញ្ជាក់លម្អិតថា ពួកគេធ្វើការខុសច្បាប់ផ្នែកអ្វីនោះទេ។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ជាស្ថាប័នមានសមត្ថកិច្ច ដែលរៀបចំនីតិវិធីបណ្តេញចេញដូចរាល់ដង។ នាយកដ្ឋានស៊ើបអង្កេត ទទួលបានជនជាតិវៀតណាមទាំង៥៩នាក់នេះ ពីសមត្ថកិច្ចរាជធានី-ខេត្ត៣ផ្សេងគ្នា គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

របាយការណ៍ពីអគ្គនាយកអន្តោប្រវេសន៍ចេញផ្សាយនាពេលកន្លងមក បង្ហាញថា កាលពីឆ្នាំ២០២៥ កម្ពុជាបានបណ្តេញជនបរទេសជាង១,៣ម៉ឺននាក់ ក្នុងនោះ ចិនជាង៤,៨ពាន់នាក់ និងវៀតណាមជាង៣,៤ពាន់នាក់ (ជាចំនួនច្រើនជាងគេ) និងជនជាតិផ្សេងៗទៀត៕




