ចំពេលរង្គោះរង្គើជាមួយអ៊ីរ៉ង់ អាម៉េរិកបញ្ចេញកញ្ចប់អាវុធយក្ស៦,៥ពាន់លានដុល្លារឱ្យអ៊ីស្រាអែល
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានអះអាងកាលថ្ងៃសុក្រទី៣០ ខែមករា ថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តការលក់សព្វាវុធយោធាដែលមានសក្តានុពលជាង៦,៥ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែលនៅក្នុងកិច្ចសន្យាចំនួន៣ដាច់ដោយឡែកពីគ្នា ខណៈការលក់នេះកើតឡើងចំពេលអាម៉េរិក និងអ៊ីរ៉ងកំពុងមានភាពតានតឹងខ្លាំង។

មន្ទីរបញ្ចកោណបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តការលក់ដ៏មានសក្តានុពលនៃយាន Joint Light Tactical Vehicle (ជ័ញ ឡាយ ថាក់ធិខល វីអ៊ីខល) និងយុទ្ធោបករណ៍ពាក់ព័ន្ធ ដែលមានតម្លៃចំនួន១,៩៨ពាន់លានដុល្លារ និងការលក់ឧទ្ធម្ភាចក្រប្រភេទ AH-64E Apache (អេអេច ស៊ិចធីហ្វ័រអ៊ី អាផាឈី) ផ្សេងទៀតក្នុងតម្លៃ៣,៨ពាន់លានដុល្លារ។ កិច្ច​សន្យា​យោធា​ទី៣ ​ក៏​ត្រូវ​បាន​ផ្តល់​ជូន​ផង​ដែរ​ក្នុង​តម្លៃ​៧៤០​លាន​ដុល្លារ​។

សូមជម្រាបថា កិច្ចព្រមព្រៀងនេះ គឺកើតឡើងស្របពេលអាម៉េរិក និងអ៊ីរ៉ង់កំពុងញេញចង្កូមដាក់គ្នាយ៉ាងសាហាវស្រួចស្រាវ ខណៈរដ្ឋធានីវ៉ាស៊ីនតោនទំនងជាប្រើប្រាស់កញ្ចប់អាវុធនេះ ដើម្បីទប់ស្កាត់កុំឱ្យអ៊ីរ៉ង់ហ៊ានលូកដៃកាន់តែជ្រៅក្នុងជម្លោះតំបន់។ គួរបញ្ជាក់ថា ក្រៅពីអ៊ីស្រាអែល អាម៉េរិកក៏បើកភ្លើងខៀវលក់មីស៊ីលការពារដែនអាកាស Patriot (ផេទ្រាត) តម្លៃ៩ពាន់លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត