
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៦មករាថា លោកនឹងដំឡើងពន្ធគយលើការនាំចូលទំនិញពីកូរ៉េខាងត្បូង រួមមាន៖ រថយន្ត ឈើ និងឱសថ ពី១៥ភាគរយទៅ២៥ភាគរយ។ លោក ត្រាំ បានចោទប្រកាន់សភាជាន់ទាបរបស់កូរ៉េខាងត្បូងថា មិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខាជាមួយរដ្ឋធានីវ៉ាស៊ីនតោនឡើយ...។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា៖«ដោយសារសភាកូរ៉េមិនទាន់បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្ររបស់យើង វាជាសិទ្ធិផ្តាច់មុខរបស់ពួកគេ ដូច្នេះខ្ញុំសម្រេចដំឡើងពន្ធលើរថយន្ត ឈើ ឱសថ និងពន្ធដោះដូរផ្សេងៗទៀតពី១៥ភាគរយ ទៅ២៥ភាគរយ»។ ជាការឆ្លើយតប វិមានខៀវ (Blue House) របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក គីម ជុងខ្វាន់ (Kim Jung-kwan) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗនេះ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវ៉ាដ លូតនិក (Howard Lutnick)។ អាជ្ញាធរកូរ៉េខាងត្បូង បានកត់សម្គាល់ថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការពីរដ្ឋាភិបាលអាម៉េរិកនៅឡើយទេ ប៉ុន្តែនឹងរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតប។

កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងថា ការវិនិយោគដែលបានគ្រោងទុកចំនួន៣៥០ពាន់លានដុល្លារ នៅក្នុងវិស័យយុទ្ធសាស្ត្ររបស់អាម៉េរិក ទំនងជាមិនអាចចាប់ផ្តើមបានក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦នេះទេ ដោយសារតែតម្លៃប្រាក់វ៉ុន កំពុងធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៧-២០០៩។ អាជ្ញាធរសេអ៊ូលបារម្ភថា ការហូរចេញនៃរូបិយបណ្ណក្នុងចំនួនដ៏ច្រើនបែបនេះ នឹងធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក កាន់តែរង្គោះរង្គើ។ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិមកពីក្រុមប្រឹក្សាមហាសមុទ្ទអាត្លង់ទិច បានលើកឡើងថា សកម្មភាពរបស់ ត្រាំ បង្ហាញពីភាពមិនអត់ធ្មត់ចំពោះល្បឿននៃការអនុវត្តកិច្ចព្រមព្រៀងរបស់កូរ៉េខាងត្បូង។ បញ្ហានេះ ក៏ជាការរំឭកដល់ទីផ្សារផងដែរថា ឆ្នាំ២០២៦ នឹងមិនមែនជាឆ្នាំដែលមានស្ថិរភាពពន្ធគយនោះឡើយ។ ការប្រែប្រួលនៃគោលនយោបាយពាណិជ្ជកម្មរបស់ ត្រាំ កំពុងបង្កើតជាសម្ពាធសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់សម្រាប់ដៃគូសហការ និងវិនិយោគិនទូទាំងពិភពលោក៕



