
រដ្ឋធានីម៉ានីល៖ តាមរយៈវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ បណ្តាវិស័យឯកជនក្នុងវិស័យទេសចរណ៍ មកពីបណ្តាប្រទេសផ្សេងៗ បង្ហាញការចាប់អារម្មណ៍ទៅលើសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា ខណៈតំណាងក្រុមហ៊ុនឯកជនទាំងនោះ មួយចំនួន កំពុងមានគម្រោងហោះមកដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់នាំភ្ញៀវចូលមកកម្សាន្តនៅកម្ពុជា..។

តាមរយៈជំនួបជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា នៅថ្ងៃទី២៩មករា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន តំណាងក្រុមហ៊ុនឯកជនចំនួន១៨ ដែលជាប្រតិបត្តិករទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន បានពិភាក្សាការងារ ដើម្បីផ្លាស់ប្ដូរយោបល់ក្នុងគោលដៅជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ក្នុងជំនួបនោះ ក្រុមប្រតិបត្តិករទេសចរណ៍ បង្ហាញចំណាប់អារម្មណ៍រីករាយក្នុងការមកទស្សនាកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះដល់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ លើសពីនេះ លោកគូសរំលេចថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្ដល់ជូននូវបទពិសោធសម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទម្លាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់ និងស្នាមញញឹមរបស់ប្រជាជនខ្មែរ ដែលទាំងអស់នេះ គឺជាអត្តសញ្ញាណកម្ពុជា៕







