
រាជធានីភ្នំពេញ៖ មន្រ្តីពាក់ព័ន្ធកម្ពុជា កំពុងពិភាក្សាជាមួយក្រុមអ្នកវិនិយោគឥណ្ឌានៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពសម្របសម្រួលនីតិវិធីចេញ-ចូលកម្ពុជា សម្រាប់ពលរដ្ឋក្នុងបណ្ដាប្រទេសអាស៊ីខាងត្បូង ជាពិសេសឥណ្ឌា ចូលមកកម្ពុជាដោយគ្មានភាពស្មុគស្មាញ…។

កិច្ចប្រជុំនេះដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពីក្រុមអ្នកវិនិយោគឥណ្ឌានៅកម្ពុជា ដឹកនាំដោយលោក គីរ៉ាន់ គូម៉ា រ៉េដឌី (Kiran Kumar Reddy) តំណាងសហគមន៍ឥណ្ឌានៅកម្ពុជា, លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ លោក ហួត ហាក់ លើកឡើងថា អង្គប្រជុំបានពិភាក្សាគ្នាដើម្បីសម្របសម្រួល និងទទួលធាតុចូលបន្ថែមពីអ្នកវិនិយោគឥណ្ឌានៅកម្ពុជា សំដៅពិនិត្យឡើងវិញអំពីលទ្ធភាពនៃការសម្រួលនីតិវិធីនៃការធ្វើដំណើរចេញ-ចូលកម្ពុជា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា នីតិវិធីដែលកម្ពុជាកំពុងពិនិត្យកែសម្រួលនេះ សម្រាប់បណ្តាប្រទេសអាស៊ីខាងត្បូង ដូចជា៖ ប្រទេសឥណ្ឌា, ប៉ាគីស្ថាន, នេប៉ាល់ និងបង់ក្លាដេស ជាដើម។ លោកបន្តថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ ជាពិសេសទេសចរឥណ្ឌា ដែលជាបងប្អូនរួមវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រពាន់ឆ្នាំ ដោយរំពឹងនឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៦។

សូមជម្រាបថា ការពិនិត្យកែសម្រួលនីតិវិធីធ្វើដំណើរចេញ-ចូលកម្ពុជា សម្រាប់បណ្តាប្រទេសអាស៊ីខាងត្បូងនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការស្ទុះឡើងខ្លាំងនៃកំណើនទេសចរពីប្រទេសទាំងនេះ ពិសេសឥណ្ឌា មកលេងកម្សាន្តកម្ពុជា ដែលគេកត់សម្គាល់ឃើញតាំងពីចុងខែធ្នូ ឆ្នាំ២០២៥។ មកដល់ដើមឆ្នាំ២០២៦នេះ ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា មកលេងកម្សាន្តនៅកម្ពុជា ដោយបានជ្រើសរើសតំបន់រមណីយដ្ឋានអង្គរ ធ្វើជាគោលដៅទេសចរណ៍ នៅតែមានចំនួនច្រើន៕






