មន្រ្តីលើកទឹកចិត្តកុមារកសាងទំនាក់ទំនងក្នុងសង្គមពិតជាជាងតាមប្រព័ន្ធអនឡាញ ចៀសវាងរងគ្រោះដោយមិនដឹងខ្លួន
S
Soriya Sou
13 កុម្ភៈ 2025 05:30 AM

រាជធានីភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លើកទឹកចិត្ត និងផ្ដាំផ្ញើដល់យុវជន កុមារា-កុមារី ត្រូវព្យាយាមកសាង និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមពិតឱ្យបានច្រើន ជាជាងកសាងទំនាក់ទំនងជាមួយមនុស្សតាមប្រព័ន្ធអនឡាញ ដែលអាចក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន...។

                                  រូបភាពតំណាង៖ ប្រពភពី internet
                                  រូបភាពតំណាង៖ ប្រពភពី internet

ថ្លែងនៅក្នុងពិធីអបអរសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអីនធឺណិតឆ្នាំ២០២៥ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងការរីកចម្រើននេះ បច្ចេកវិទ្យាក៏ត្រូវបានប្រើប្រាស់ដោយមនុស្សមួយចំនួនក្នុងគោលបំណងទុច្ចរិត មិនថាការជួញដូរមនុស្សខុសច្បាប់ កេងប្រវ័ញ្ចកុមារ និងបោកប្រាស់ជាដើម។ លោកស្រី ក៏បានក្រើនរំឭកដល់ប្អូនៗយុវជន និងកុមារៗ ត្រូវប្រុងប្រយ័ត្នពីហានិភ័យដែលអាចកើតមានលើបណ្តាញអ៊ីនធឺណិត ដោយកុំជឿលើការលួងលោម ឬការបោកបញ្ឆោតឱ្យចូលរួមក្នុងការប្រព្រឹត្តទង្វើផ្សេងៗដែលអាចខុសច្បាប់ ប្រាសចាកពីសីលធម៌ ឬសង្គមស្អប់ខ្ពើម។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស   
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស   

លោកស្រី ជូ ប៊ុនអេង ផ្ដាំផ្ញើប្អូនៗយុវជន និងកុមារា-កុមារីយ៉ាងដូច្នេះថា៖«ក្មួយៗកុមារា-កុមារី ត្រូវព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមនុស្សក្នុងសង្គម[ពិត]ឱ្យបានច្រើន ជាជាងកសាងទំនាក់ទំនងជាមួយមនុស្សតាមប្រព័ន្ធអនឡាញ និងត្រូវចេះស្វែងរកព័ត៌មានដែលមានប្រយោជន៍ និងចៀសវាងធ្វើខ្លួនឱ្យក្លាយជាជនរងគ្រោះ ដោយការរំលោភបំពាននានា តាមប្រព័ន្ធអនឡាញ»។ គួរជម្រាបថា យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអីនធឺណិត ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១កុម្ភៈ ក្រោមប្រធានបទ "កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ"។ គោលបំណងធំនៃការប្រារព្ធទិវានេះ គឺដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេស [យុវជន និងកុមារ] ឱ្យចេះការពារខ្លួនពីការឆបោក និងការកេងប្រវ័ញ្ចនានា។

ទិវានេះប្រារព្ធឡើងដើម្បីស្នើសុំកិច្ចសហការពីបណ្តារក្រុមហ៊ុនឯកជន ក្នុងវិស័យផ្គត់ផ្គង់អ៊ីនធឺណិត និងសេវាអនឡាញ ដើម្បីចូលរួមការពារអ្នកប្រើប្រាស់ ជាពិសេស កុមារពីការរងគ្រោះ, ស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់ ការពារសុវត្ថិភាពប្រជាពលរដ្ឋពីការរងគ្រោះ ដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត