
ព្រុចសែល៖ រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៩មករា បានព្រមព្រៀងគ្នាកំណត់ឈ្មោះកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ជាអង្គការភេរវកម្ម ជាផ្លូវការ បន្ទាប់ពីមានការបង្ក្រាបយ៉ាងសាហាវឃោរឃៅលើក្រុមបាតុករក្នុងប្រទេស...។

ប្រមុខគោលនយោបាយការបរទេស EU លោកស្រី កាចា ខាលលី (Mrs.Kaja Kallas) បានសរសេរលើបណ្ដាញសង្គម X ថា៖«ការធ្វើទុក្ខបុកម្នេញ មិនអាចកើតឡើងដោយគ្មានការឆ្លើយតបឡើយ។ របបណាដែលសម្លាប់ប្រជាជនខ្លួនឯងរាប់ពាន់នាក់ គឺកំពុងដើរឆ្ពោះទៅរកការដួលរលំដោយខ្លួនឯង»។ ការដាក់បញ្ចូលក្នុងបញ្ជីខ្មៅនេះ នឹងធ្វើឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មានឋានៈស្មើនឹងក្រុមអាល់កៃដា (al-Qaeda), ក្រុមហាម៉ាស (Hamas) និងក្រុមដាអ៊ីស (Daesh)។ លោកស្រី កាចា ខាលលី បានបញ្ជាក់យ៉ាងច្បាស់ថា៖«ប្រសិនបើអ្នកធ្វើសកម្មភាពដូចភេរវករ អ្នកត្រូវតែត្រូវបានគេប្រកាសថា ជាភេរវករដូចគ្នា»។ បន្ថែមលើនេះ ប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះ ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ចំនួន១៥រូប រួមទាំងមេបញ្ជាការកំពូលៗនៃកងឆ្មាំបដិវត្តន៍ផងដែរ ចំពោះការទទួលខុសត្រូវក្នុងអំពើហិង្សាបណ្ដាលឱ្យបាតុកររាប់ពាន់នាក់បាត់បង់ជីវិត។

ទោះបីវិធានការ EU ត្រូវបានគេមើលឃើញថា មានលក្ខណៈជានិមិត្តរូប ប៉ុន្តែវាបានបង្កើនសម្ពាធអន្តរជាតិកាន់តែខ្លាំងលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងខាងយោធាពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ បច្ចុប្បន្ន កងទ័ពអាម៉េរិក បានបញ្ជូននាវាផ្ទុកយន្តហោះ យូអេសអេស អាប្រាហាម លីនខូលន៍ (USS Abraham Lincoln) និងនាវាបំផ្លាញមីស៊ីលជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ារួចជាស្រេចទៅហើយ ដើម្បីឆ្លើយតបទៅនឹងការសម្លាប់បាតុករដោយសន្តិវិធី និងការព្រមានអំពីការប្រហារជីវិតទ្រង់ទ្រាយធំ។

គួរបញ្ជាក់ផងដែរថា រលកនៃការធ្វើបាតុកម្មនៅអ៊ីរ៉ង់ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែធ្នូ ជុំវិញការកើនឡើងនៃតម្លៃទំនិញ និងបានរីករាលដាលទូទាំងប្រទេស យ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលអ៊ីរ៉ង់ បានឆ្លើយតបវិញដោយការបង្ក្រាបយ៉ាងព្រៃផ្សៃ និងការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសអស់រយៈពេលជាងពីរសប្តាហ៍ ដើម្បីលាក់បាំងទំហំពិតប្រាកដនៃសោកនាដកម្មនេះ ពីភ្នែកពិភពលោក៕


