
រាជធានីភ្នំពេញ៖ ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា តើថៃមានចេតនាកេងចំណេញ និងដើរក្រឡាលើអាម៉េរិកឬយ៉ាងណា? អាម៉េរិក បានដាក់ថៃ និងប្រទេសមួយចំនួនផ្សេងទៀត ចូលក្នុងបញ្ជីដែលត្រូវត្រួតពិនិត្យតាមដានមើល ក្រោមការសង្ស័យថា ប្រទេសទាំងនេះ ខ្វះតម្លាភាព ឬមិនស្មើភាពក្នុងការធ្វើពាណិជ្ជកម្មជាមួយខ្លួន...។

ប្រទេស៨ទៀត ដែលត្រូវអាម៉េរិកដាក់ចូលក្នុងបញ្ជីត្រួតពិនិត្យនេះដែរ រួមមាន៖ ចិន, ជប៉ុន, កូរ៉េខាងត្បូង, អាល្លឺម៉ង់, អៀរឡង់, ស្វីស, សិង្ហបុរី, និងវៀតណាម (បូកទាំងកោះតៃវ៉ាន់១ទៀតផងដែរ)។ មិនស្មើភាព ដែលអាម៉េរិកចង់សំដៅ គឺប្រទេសទាំងនេះ ទទួលបានអតិរេកខ្ពស់ ឬផលចំណេញច្រើនពីអាម៉េរិកនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ក្នុងនោះ សូម្បីតម្លៃអត្រាប្តូរប្រាក់ ឬតម្លៃរូបិយប័ណ្ណក៏ប្រទេសនោះ មានផលចំណេញលើអាម៉េរិកដែរ។

ទោះយ៉ាងណា អាម៉េរិក តាមរយៈក្រសួងហិរញ្ញវត្ថុខ្លួន មិនទាន់អះអាងក្នុងរបាយការណ៍ឡើយថា ប្រទេសទាំងនោះ ធ្វើពាណិជ្ជកម្មដោយមិនស្មើភាព និងកេងចំណេញលើអាម៉េរិក ប៉ុន្តែត្រូវស្ថិតក្រោមការត្រួតពិនិត្យបន្ត។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានចេញរបាយការណ៍មួយ ស្តីពីម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុរវាងអាម៉េរិក ជាមួយប្រទេសជាដៃគូពាណិជ្ជកម្ម។ របាយការណ៍នេះ បានបង្ហាញឈ្មោះប្រទេសខាងលើ និងកោះតៃវ៉ាន់ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដែលអាម៉េរិក ត្រូវត្រួតពិនិត្យអំពីការធ្វើពាណិជ្ជកម្មជាមួយគ្នា។

គួរដឹងថា ក្រោមហេតុផលប្រទេសនានាទទួលបានផលចំណេញពីការធ្វើពាណិជ្ជកម្មជាមួយអាម៉េរិកនេះហើយ ទើបលោក ដូណាល់ ត្រាំ ពេលឡើងធ្វើជាប្រធានាធិបតីអាម៉េរិក លើកទី២ បានដំឡើងពន្ធលើការនាំចូលទំនិញពីបណ្តាប្រទេសទាំងនោះ ដើម្បីធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងអាម៉េរិក ជាមួយប្រទេសដទៃ មានភាពស្មើគ្នា ពោលគឺ កុំឱ្យអាម៉េរិកគិតតែខាត ឯប្រទេសដទៃចេះតែចំណេញ។ ក្រោយមក លោក ត្រាំ ក៏ធ្វើចិត្តទូលាយ យល់ព្រមទម្លាក់ពន្ធខ្លះជូនប្រទេសនានាវិញ។ ទោះយ៉ាងណា ការដំឡើងពន្ធ នៅតែជាអាវុធដែលលោកប្រធានាធិបតីគិតប្រយោជន៍អាម៉េរិកជាធំ រូបនេះ បន្តប្រើប្រាស់ក្នុងការចរចា និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃ៕



