ចិនប្រហារជីវិតមនុស្ស១១នាក់ ពាក់ព័ន្ធក្រុមម៉ាហ្វីយ៉ានៅភូមា និងការឆបោកតាមអនឡាញ
N
Nary Vann
29 មករា 2026 07:19 AM

រដ្ឋធានីប៉េកាំង៖ អាជ្ញាធរចិន បានសម្រេចប្រហារជីវិតមនុស្ស១១នាក់ នៅថ្ងៃទី២៩ ខែមករានេះ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា និងប្រតិបត្តិការឆបោកតាមប្រព័ន្ធទូរសព្ទ...។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ អ្នកទោសទាំងនេះ ត្រូវបានតុលាការក្រុងវិនចូវ (Wenzhou) កាត់ទោសប្រហារជីវិត តាំងពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរជាច្រើន រួមមាន៖ ការសម្លាប់មនុស្សដោយចេតនា, ការបង្ករបួសស្នាម, ការឃុំឃាំងមនុស្សខុសច្បាប់, ការឆបោក និងការបង្កើតកាស៊ីណូខុសច្បាប់។ ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិត ក៏មានសមាជិកសំខាន់ៗនៃក្រុមឧក្រិដ្ឋជនគ្រួសារមីង (Ming) ដែលសកម្មភាពរបស់ពួកគេបានបណ្ដាលឱ្យពលរដ្ឋចិន១៤នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ សាលក្រមប្រហារជីវិតនេះ ត្រូវបានអនុម័តដោយតុលាការប្រជាជនកំពូល ក្នុងរដ្ឋធានីប៉េកាំង បន្ទាប់ពីពិនិត្យឃើញថា ភស្តុតាងនៃបទល្មើសដែលបានប្រព្រឹត្តតាំងពីឆ្នាំ២០១៥មក មានភាពច្បាស់លាស់ និងគ្រប់គ្រាន់។ មុនពេលឈានដល់ការអនុវត្តទោស តុលាការក៏បានអនុញ្ញាតឱ្យសាច់ញាតិជិតស្និទ្ធរបស់ទណ្ឌិត ចូលជួបមុខជាចុងក្រោយផងដែរ។

ករណីនេះ បានឆ្លុះបញ្ចាំងពីទំហំដ៏ធំនៃឧស្សាហកម្មខុសច្បាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងតំបន់ព្រំដែនដែលគ្មានច្បាប់ទម្លាប់របស់ប្រទេសភូមា ជាកន្លែងដែលមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតរីកដុះដាលដូចផ្សិត ហើយជារឿយៗពួកគេប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់ ដែលត្រូវបានជួញដូរមកពីក្រៅប្រទេស រួមទាំងជនជាតិចិនផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋធានីប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្ក្រាបសម្បុកឧក្រិដ្ឋកម្មទាំងនេះ ជាលទ្ធផលបានឈានដល់ការបញ្ជូនជនសង្ស័យរាប់ពាន់នាក់ត្រឡប់ទៅប្រទេសចិនវិញ។

កាលពីឆ្នាំមុន ជនជាតិចិនជាង៧៦០០នាក់ដែលសង្ស័យថា ពាក់ព័ន្ធនឹងល្បែងស៊ីសង និងការឆបោក ត្រូវបានបញ្ជូនពីទីក្រុងម្យ៉ាវ៉ាឌី (Myawaddy) នៃប្រទេសភូមា ឬមីយ៉ាន់ម៉ាត្រឡប់ទៅចិនវិញ។ លើសពីនេះ កាលពីដើមខែកន្លងមកថ្មីៗ ប្រទេសកម្ពុជាក៏បានធ្វើបត្យាប័ន មហាសេដ្ឋីចិនមានសញ្ជាតិខ្មែរ ចេន ហ្ស៊ី (Chen Zhi) ទៅឱ្យប្រទេសចិនផងដែរ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានដឹកនាំបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត