
រាជធានីភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តផ្ដល់ការគាំទ្រដល់សហគមន៍កសិកម្មចំនួន១៧ គិតជាសាច់ប្រាក់សរុបប្រមាណជិត៩លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ផលិតកម្មកសិកម្មរបស់ពួកគាត់…។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោក ឃឹម ហ្វីណង់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩មករានេះថា សហគមន៍កសិកម្មចំនួន១៧ ទទួលបានការគាំទ្រពីគម្រោង CASDP សរុបជាទឹកប្រាក់ជិត៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារជាជំនួយឥតសំណង និងប្រមាណ៦លានដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប។ កិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង និងផ្ដល់ការកម្ចីការប្រាក់ទាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៨មករា រវាងនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងតំណាងសហគមន៍ និងដៃគូពាក់ព័ន្ធ។ ក្នុងចំណោមសហគមន៍ទាំង១៧ មាន១១ គឺជាសហគមន៍កសិកម្មទំនើប ក្នុងនោះ ខេត្តសៀមរាប មានរហូតដល់ទៅ៦សហគមន៍ ជាចំនួនមួយច្រើនជាងគេ ក្នុងចំណោមខេត្តទាំង៨ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅវគ្គនេះ។

នាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអះអាងថា សហគមន៍កសិកម្មទាំង១៧ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័ត គាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្ម និងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះ ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ហេតុផលនេះហើយ ទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្ដងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេល និងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្ម ជួយកសិករតាមទម្រង់ជាសហគមន៍ ដោយមិនកំណត់ថាជាសហគមន៍កសិកម្មទូទៅ ឬសហគមន៍កសិកម្មទំនើបនោះទេ៕



