
ក្រុងសៀមរាប៖ សហគមន៍កសិកម្មទំនើបចំនួន៩ ស្ថិតក្នុងខេត្តចំនួន៤នៅកម្ពុជា ទទួលបានកម្ចីឥណទានការប្រាក់ទាប រួមទាំងជំនួយឥតសំណង គិតជាទឹកប្រាក់សរុបប្រមាណ១៣លានដុល្លារអាម៉េរិក ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...។

ក្រសួងកសិកម្ម បានឱ្យដឹងថា កិច្ចព្រមព្រៀងផ្ដល់កម្ចីឥណទានមានការប្រាក់ទាបជាង១២លានដុល្លារ និងជិត១លានដុល្លារទៀត ជាជំនួយឥតសំណង ត្រូវបានចុះហត្ថលេខាដោយលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយតំណាងសហគមន៍កសិកម្មទំនើបទាំង៩។ ដោយសារ ភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីដ៏សំខាន់នេះ ត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅរសៀលថ្ងៃទី១មករា ឆ្នាំ២០២៦។ បើតាមក្រសួងកសិកម្ម កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១ពាន់៥រយគ្រួសារ នៅលើផ្ទៃដីជាង១ម៉ឺន៥ពាន់ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា៖ ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបទាំង៩ ដែលទទួលបានកម្ចីការប្រាក់ទាប រួមទាំងជំនួយឥតសំណងខាងលើ មានដូចជា៖ ១.សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក ក្នុងខេត្តកំពង់ធំ, ២.សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ ក្នុងខេត្តបាត់ដំបង, ៣.សហគមន៍កសិកម្មទំនើបស្រូវនាងអំ ក្នុងខេត្តសៀមរាប, ៤.សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ ក្នុងខេត្តបាត់ដំបង, ៥.សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងខេត្តបាត់ដំបង, ៦.សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ ក្នុងខេត្តបាត់ដំបង, ៧.សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឫស្សី ក្នុងខេត្តបាត់ដំបង, ៨.សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ក្នុងខេត្តកំពង់ធំ, និង៩.សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ៕




