កសិករដាំដំឡូងមីជាង៥០គ្រួសារ ងាកមកដាំឈើហូបផ្លែវិញក្រោយមន្ត្រីកសិកម្មផ្តល់ទុន
S
Soriya Sou
16 កក្កដា 2025 04:30 AM

រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម បានប្រកាសគាំទ្រទាំងស្រុងដល់បងប្អូនប្រជាកសិករដាំដំណាំដំឡូងមីប្រមាណជាង៥០គ្រួសារ រស់នៅក្នុងខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍ទំនើប បង្វែរពីការដាំដំណាំដំឡូងមី មកដាំឈើហូបផ្លែកំពុងមានតម្រូវការទីផ្សារជំនួសវិញ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម…។

រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ក្រោយមើលឃើញថា ដំណាំដំឡូងមី តែងជួបបញ្ហាប្រឈមផ្នែកទីផ្សារច្រើន បងប្អូនប្រជាកសិករដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង បានព្រមស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមីលើផ្ទៃដីប្រមាណ១០០ហិកតា ងាកមកដាំដុះឈើហូបផ្លែមួយចំនួនដែលមានតម្លៃខ្ពស់ និងមានទីផ្សារស្រាប់ ដូចជា៖ សាវម៉ាវ មង្ឃុត ប័រ និងផាស្យុង ជំនួសវិញ។ លោកបន្ថែមថា ជាបឋម ផែនការធ្វើពិពិធកម្មចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវរៀបចំឡើងជា២ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០ភាគរយ និងបញ្ចប់ការដាំដុះដំឡូងមីទាំងស្រុងនៅក្នុងឆ្នាំបន្ទាប់។

បើតាមលោក ឃឹម ហ្វីណង់ ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងជួយរកទីផ្សារ ជូនដល់សហគមន៍ទំនើបខាងលើ ដើម្បីអនុវត្តផែនការពិពិធកម្មប្រកបដោយជោគជ័យ។ បន្ថែមលើនេះ ដើម្បីអាចធានាបានថា កសិករជាសមាជិកមានប្រាក់ចំណូលគ្រប់គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងកំលុងពេលផ្លាស់ប្ដូរពីដំណាំរដូវកាលទៅជាដាំដំណាំរយៈពេលវែងវិញ ក្រសួងកសិកម្មនឹងជួយបង្កើតមុខរបរថ្មីចំនួនពីរទៀតសម្រាប់សហគមន៍។ ពោលគឺ ក្រសួងនឹងរៀបចំផលិតកម្មបន្លែ និងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយយ៉ាងហោចណាស់មួយគ្រួសារនឹងមានផ្ទះសំណាញ់មួយខ្នង និងទ្រង់មាន់មួយទៅតាមលទ្ធភាព។ ដើម្បីទទួលបានចំណូលបន្ថែមទៀត សហគមន៍ក៏នឹងដាំដំណាំរយៈពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែ ដូចជា៖ ល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅ
សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅ

សូមជម្រាបថា សហគមន៍កសិកម្មទំនើប ត្រូវបានបង្កើតឡើងក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ ថ្លែងចេញពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ កាលពីដើមខែមិថុនាកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប សម្រាប់រយៈពេល៣ឆ្នាំទៅមុខ ចាប់ពីឆ្នាំ២០២៥-២០២៧៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត