ល្បីកក្រើកដល់អូស្ត្រាលី! គេហទំព័រអន្តរជាតិមួយចុះផ្សាយពីភាពអច្ឆរិយនៃប្រាសាទអង្គរវត្តរបស់កម្ពុជា
ហៀប ស៊ីថេត
29 មករា 2026 01:30 AM

រាជធានីភ្នំពេញ៖ គេហទំព័រអន្តរជាតិប្រទេសអូស្ត្រាលី We Love Ancient Aliens ទើបតែបានចុះផ្សាយនូវអត្ថបទវិភាគយ៉ាងស៊ីជម្រៅ ដោយលើកសរសើរមិនដាច់ពីមាត់អំពីកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ថា ជាកំពូលស្ថាបត្យកម្មដែលមិនត្រឹមតែតំណាងឱ្យភាពរុងរឿងនៃអាណាចក្រខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេះដូងនៃចក្រវាល ដែលបង្កប់ដោយនិមិត្តរូបសាសនាដ៏ខ្ពង់ខ្ពស់បំផុត...។

គេហទំព័រខាងលើបានសរសេរថា៖«ប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត គឺជាបេះដូងដ៏មហិមា និងជានិមិត្តរូបតំណាងនៃចក្រវាលវិទ្យា ដែលបង្កប់ក្នុងស្ថាបត្យកម្មដ៏ពិសិដ្ឋរបស់ខ្មែរ។ កំពូលទាំងប្រាំដែលផុសចេញពីប្រាសាទ ត្រូវបានរចនាជាទម្រង់បញ្ចកោណ (Quincunx) មានប្រាង្គកណ្តាលខ្ពស់ត្រដែត អមដោយប្រាង្គបរិវារទាំង៤ នៅតាមជ្រុងនីមួយៗ។ នេះគឺតំណាងឱ្យភ្នំព្រះសុមេរុ និងកំពូលភ្នំទាំងបួនដែលព័ទ្ធជុំវិញ»។ គេហទំព័រនេះ បានសរសេរលម្អិតបន្ថែមថា៖«[ប្រាសាទអង្គរវត្ត] ត្រូវបានសាងសង់នៅដើមសតវត្សទី១២ ក្រោមស្នាព្រះហស្ថព្រះបាទសុរិយវរ្ម័នទី២។ សំណង់ដ៏អស្ចារ្យទាំងនេះត្រូវបានឧទ្ទិសដល់ព្រះវិស្ណុ ហើយត្រូវបានសាងសង់ឡើងពីថ្មភក់កាត់យ៉ាងល្អិតល្អន់បំផុត។ កំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តមានកម្ពស់ប្រហែល៦៥ម៉ែត្រ ហើយត្រូវបានរចនាឡើងជាអ័ក្សម៉ាន់ឌី (mundi) ដែលជាទំនាក់ទំនងនិមិត្តរូបរវាងអាណាចក្រផែនដី និងទេវភាព (ឬជាចំណុចប្រសព្វរវាងឋានសួគ៌ និងឋានកណ្តាល)...»។

«ថ្ងៃលិចនៅប្រាសាទអង្គរវត្ត ដែលឆ្លុះជុំវិញគូទឹក បង្កើតបានជាទេសភាពដ៏លេចធ្លោបំផុតមួយ និងផ្សំឡើងយ៉ាងប្រុងប្រយ័ត្ននៅក្នុងស្ថាបត្យកម្មខ្មែរ ដែលប្រាសាទ មេឃ និងការចាំងឆ្លុះស្របគ្នាជារូបភាពពិសិដ្ឋតែមួយ..។ នៅពេលដែលព្រះអាទិត្យអស្ដង្គត ប្រាង្គប្រាសាទដែលមានកំពូលទាំងប្រាំ បានផ្លាស់ប្ដូរទៅជាពណ៌មាស និងពណ៌ក្រហមឆ្អិនឆ្អៅ ដែលចាំងឆ្លុះស្ទើរតែឥតខ្ចោះនៅក្នុងគូទឹកដ៏វែង ដែលហ៊ុមព័ទ្ធផ្លូវខាងលិចនៃប្រាសាទ។ ទិដ្ឋភាពថ្ងៃលិច បង្ហាញពីផែនការច្បាស់លាស់នៃសំណង់ស្ថាបត្យកម្មប្រាសាទ ការយល់ដឹងពីតារាសាស្ត្រ និងចេតនាខាងដួងព្រលឹង បង្ហាញពីរបៀបដែលទេសភាព ពន្លឺ និងស្ថាបត្យកម្មត្រូវបានបញ្ចូលទៅក្នុងការរចនាដ៏ពិសិដ្ឋតែមួយនេះ...!»។ នេះបើតាមគេហទំព័រដដែលចុះផ្សាយនៅថ្ងៃពុធទី២៨ ខែមករា។

សូមរំឭកថា ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច​ ជាស្ថាបត្យកម្មដ៏អស្ចារ្យក្នុងលោក ដែលបានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២ ជាសម្បត្តិ​វប្បធម៌​រូបីនៃមនុស្សជាតិ។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញប្រត្តិសាស្ត្រកម្ពុជា ប្រាសាទអង្គរវត្ត នគរវត្ត ជាប្រាសាទធំបំផុតនៅក្នុងប្រទេសកម្ពុជា មានមាត្រដ្ឋានលើផ្ទៃដីទំហំ១៦២,៦ហិកតា ដោយស្មើនឹង (១ ៦២៦ 000 ម៉ែត្រការ៉េ)។ រចនាសម្ព័ន្ធនៃសំណង់ប្រាសាទ ត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូលនៃអច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ជាព្រះមហាក្សត្រនៃសម័យចក្រភពខ្មែរ (Khmer Empire)។ ប្រាសាទនេះ សាងសង់ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានៃលទ្ធិព្រះវិស្ណុ។ ដូចនេះ ប្រាសាទអង្គរវត្ត ត្រូវបានគេសន្មតថា ជាប្រាសាទសាសនាដ៏ធំបំផុតក្នុងលោក ដែលជាប់កំណត់ត្រាពិភពលោក«ហ្គីនណេស» (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥ និងបានដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់​អង្គការ​យូណេស្កូ​​ នៅថ្ងៃទី១៤ធ្នូ ឆ្នាំ១៩៩២ ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត