
ក្រុងសៀមរាប៖ ការជួសជុលបណ្ណាល័យខាងជើង នៃជាន់ទី២របស់ប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនេះ សម្រេចបានប្រមាណ៦០ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងកំលុងខែកុម្ភៈ ឆ្នាំ២០២៦…។

មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ម៉ៅ សុខនី គូសបញ្ជាក់ថា បច្ចុប្បន្នរចនាសម្ព័ន្ធរបស់បណ្ណាល័យមានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយ ថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ជាពិសេសថ្មដំបូល។ ការជួសជុលត្រូវបានបន្ថែមថ្មថ្មីមួយចំនួន នៅផ្នែកខឿនដែលបានបាត់បង់ថ្ម ដើម្បីរក្សាស្ថិរភាពនៃខឿនបណ្ណាល័យឡើងវិញ និងរំកិលថ្មផ្នែកដំបូលដែលគ្រាក ឱ្យចូលទីតាំងដើម និងបិទបាយអការពារជម្រាបទឹកចូលទៅក្នុងគ្រឹះ។ លើសពីនេះ ក្រុមការងារអភិរក្សថ្ម ក៏បានប្រើបច្ចេកទេសជួសជុលពង្រឹងផ្នែកថ្ម ដែលពុកផុយឱ្យរឹងមាំឡើងវិញ រួមមាន៖ សសរ ជញ្ជាំង មេទ្វារ និងរូបអប្សរាមួយចំនួន។

គួរជ្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី១២ ស្ថិតនៅក្នុងរាជធានី យសោធរបុរៈ។ យោងតាមការស្រាវជ្រាវពីសំណាក់ក្រុមស្រាវជ្រាវ Lidar នៃសកលវិទ្យាល័យអូស្ត្រាលី បានបង្ហាញថា ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង៣០ម៉ឺននាក់ និងដំរីជាង៦ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង១០លានតោន ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាសំណង់សាសនាដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក៕






