
រដ្ឋធានីសេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងសង្គ្រាមអាម៉េរិក ទទួលបន្ទុកគោលនយោបាយ លោក អែលប្រ៊ីដជ៍ ខូលប៊ី (Elbridge Colby) និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក អាន យូប៊ែក (Ahn Gyu-back) បានព្រមព្រៀងគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកម្មវិធីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់រដ្ឋធានីសេអ៊ូល។ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បញ្ជាក់នៅថ្ងៃចន្ទទី២៦ ខែមករា...។

លោក ខូលប៊ី បាននិងកំពុងធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូលជាលើកដំបូង ចំពេលរដ្ឋធានីវ៉ាស៊ីនតោនរំពឹងថា កូរ៉េខាងត្បូងនឹងដើរតួនាទីជាខែលដ៏រឹងមាំក្នុងការរារាំងឥទ្ធិពលរបស់កូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ភាគីទាំង២ បានចាត់ទុកកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាជំហានមួយដែលនឹងពង្រឹងសមត្ថភាពរបស់កូរ៉េខាងត្បូង ក្នុងការការពារឧបទ្វីបកូរ៉េ និងលើកកម្ពស់សម្ព័ន្ធភាពសន្តិសុខ។ ក្រសួងដដែលនេះបន្ថែមថា លោក អាន ក៏បានជំរុញឱ្យមានភាពរីកចម្រើនលឿនជាងមុន លើការផ្ទេរ អំណាចបញ្ជាការប្រតិបត្តិការក្នុងសម័យសង្រ្គាម (OPCON) ពីសហរដ្ឋអាម៉េរិកទៅកាន់រដ្ឋធានីសេអ៊ូល និងបានអំពាវនាវឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធលើវិធានការតាមដានសម្ព័ន្ធភាព។ នេះមានន័យថា កូរ៉េខាងត្បូង ចង់បានសិទ្ធិបញ្ជាទ័ពខ្លួនឯង ដោយគ្មានមេបញ្ជាការអាម៉េរិកមកបង្គាប់បញ្ជា។

ជាមួយគ្នា យុទ្ធសាស្ត្រការពារជាតិថ្មីរបស់មន្ទីរបញ្ចកោណ បង្ហាញថា តួនាទីរបស់សហរដ្ឋអាម៉េរិកមានកម្រិតក្នុងការរារាំងកូរ៉េខាងជើង ដូច្នេះ កូរ៉េខាងត្បូងជាអ្នកទទួលខុសត្រូវចម្បង។ លោក អែលប្រ៊ីដជ៍ ខូលប៊ី អះអាងនៅលើបណ្តាញសង្គម X ថា កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តគំរូ ដែលប្តេជ្ញាចិត្តក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ស្របតាមយុទ្ធសាស្ត្រក្នុងតំបន់របស់សហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង មានកងទ័ពអាម៉េរិកប្រហែល២៨ ៥០០នាក់។ មែនទែនទៅ កិច្ចព្រមព្រៀងនេះ គឺជាការបង្ហាញឱ្យឃើញថា អាម៉េរិកកំពុងត្រៀមខ្លួនទុកមុននៅកូរ៉េខាងត្បូង ប្រសិនបើជម្លោះផ្ទុះឡើង។ ការផ្ដល់បច្ចេកវិទ្យានុយក្លេអ៊ែរ និងការផ្ទេរអំណាច OPCON មិនមែនជាអំណោយឥតគិតថ្លៃឡើយ ប៉ុន្តែវាជាការដោះដូរដែលតម្រូវឱ្យរដ្ឋធានីសេអ៊ូលឈរនៅជួរមុខគេបង្អស់ ធ្វើជាទ័ពស្រួច ប្រសិនបើការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង និងមហាអំណាចនុយក្លេអ៊ែរដទៃទៀតក្នុងតំបន់ ផ្ទុះឡើង៕



