អាម៉េរិកដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែនចុះហត្ថលេខាបញ្ចប់សង្គ្រាមជាមុន ទើបព្រមការពារតាមក្រោយ
ហៀប ស៊ីថេត
28 មករា 2026 06:07 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំសហរដ្ឋអាម៉េរិក ប្រាប់អ៊ុយក្រែនថា រដ្ឋធានីកៀវត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីជាមុនសិន ដើម្បីទទួលបានការធានាសន្តិសុខពីសហរដ្ឋអាម៉េរិក។ នេះបើតាមប្រភពមួយបញ្ជាក់ប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារទី២៧ ខែមករា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ការធានាសន្តិសុខពីសហរដ្ឋអាម៉េរិក គឺជាអ្វីដែលអ៊ុយក្រែនត្រូវការ ហើយដំណោះស្រាយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី រយៈពេល៤ឆ្នាំកន្លងមកនេះ គឺជាសេចក្ដីប្រាថ្នារបស់មេដឹកនាំរដ្ឋធានីកៀវ។ យ៉ាងណា កាសែត Financial Times បានរាយការណ៍ថា រដ្ឋបាល ត្រាំ បានផ្តល់សញ្ញាដល់អ៊ុយក្រែនថា ការធានាសន្តិសុខរបស់សហរដ្ឋអាម៉េរិក អាស្រ័យលើរដ្ឋធានីកៀវយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដែលទំនងជាតម្រូវឱ្យប្រគល់តំបន់ដុនបាស(Donbas)ទៅឱ្យប្រទេសរុស្ស៊ី។ ប៉ុន្តែប្រភពចេញផ្សាយដោយរ៉យទ័រ បង្ហាញថា សហរដ្ឋអាម៉េរិក មិនបានប្រាប់អ៊ុយក្រែននូវអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះទេ ហើយការដែលរដ្ឋធានីវ៉ាស៊ីនតោន កំពុងព្យាយាមបង្ខំអ៊ុយក្រែនឱ្យធ្វើសម្បទានទឹកដីឱ្យរុស្ស៊ី គឺជារឿងយល់ច្រឡំ។ 

អ្នកចរចារុស្ស៊ី-អ៊ុយក្រែន នឹងជួបគ្នាម្ដងទៀតនៅថ្ងៃអាទិត្យទី១ ខែកុម្ភៈ នៅរដ្ឋធានីអាប៊ូដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួម ដោយមានការចូលរួមពីមន្ត្រីអាម៉េរិក បន្ទាប់ពីបេសកជនអ៊ុយក្រែន និងរុស្ស៊ី ទើបតែជួបគ្នាកាលពីចុងសប្តាហ៍មុន។ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងកាលពីថ្ងៃអាទិត្យទី២៥ ខែមករាថា ឯកសាររបស់សហរដ្ឋអាម៉េរិក ស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន គឺរួចរាល់១០០ភាគរយ។ ហើយឥឡូវ រដ្ឋធានីកៀវកំពុងរង់ចាំពេលវេលា និងទីកន្លែងសម្រាប់ការចុះហត្ថលេខា។ លោក ហ្សេឡេនស្គី បាននិយាយម្ដងហើយម្ដងទៀតថា បូរណភាពទឹកដីរបស់អ៊ុយក្រែន ត្រូវតែប្រកាន់ខ្ជាប់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាម។ ទោះយ៉ាងនេះក្ដី អ៊ុយក្រែននៅតែមានភាពមិនច្បាស់លាស់ថា តើរដ្ឋធានីវ៉ាស៊ីនតោននឹងប្តេជ្ញាចំពោះការធានាសន្តិសុខដែរឬទេ..?  ស្របពេលវិមានក្រឹមឡាំង បោះពាក្យសម្តីថា ទឹកដីនៅតែជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន៕

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត