អ្នកភូមិរវៀងជ័យដាក់ពាក្យប្ដឹងបុគ្គល ឈុត សាមុត ផ្លូវការ ក្រោយធ្វើសកម្មភាពជំរិតទារលុយពលរដ្ឋ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងក្រចេះ៖ បន្ទាប់ពីអ្នកភូមិរវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ លើកគ្នាស្នើសុំ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យមើលបុគ្គលឈ្មោះ ឈុត សាមុត ដែលតាំងខ្លួនជាអ្នកកាសែត ហើយដើរជំរិតទារលុយពលរដ្ឋ ជាថ្នូរនឹងការមិនចុះផ្សាយរឿងជីករ៉ែមាសលក្ខណគ្រួសាររួចមក ពេលនេះ ពលរដ្ឋរងគ្រោះទាំងអស់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងផ្លូវការ លើបុគ្គលជាអ្នកសារព័ត៌មានរូបនោះ...។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន 
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន 

យោងតាមកំណត់ហេតុពាក្យបណ្ដឹង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោក នេត សុខហ៊ាង អាយុ៤២ ជាជនរងគ្រោះម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនគ្រួសារទៀត បានដាក់ពាក្យប្ដឹងបុគ្គលឈ្មោះ ឈុត សាមុត ដែលអះអាងខ្លួនថា ជាអ្នកសារព័ត៌មាន ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតប្រាក់ជារៀងរាល់ខែ ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន រឿងពលរដ្ឋជីកដីរ៉ែងរ៉ែមាសជាលក្ខណគ្រួសារ។ យ៉ាងណា ក្រៅពី លោក នេត សុខហាង ពលរដ្ឋជិត៣០នាក់ទៀត បានផ្តិតមេដៃរួមគ្នា ទៅកាន់សាលឃុំស្វាយជ្រះ បន្ទាប់ពីបុគ្គលឈ្មោះ ឈុត សាមុត បានជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្នុងមួយគ្រួសារ១០ម៉ឺនរៀល ដោយពលរដ្ឋមានទាំងភស្ដុតាង នៃប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់បុគ្គលនោះថែមទៀតផង។

ដោយឡែក ក្នុងករណីពលរដ្ឋណាមិនបង់លុយឱ្យប្រចាំខែ ព្រោះរករ៉ែមាសមិនបាន គឺត្រូវបុគ្គលនោះ ថតរូបយកទៅបង្ហោះផ្សព្វផ្សាយ ក៏ដូចជារាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធឱ្យចុះមកបង្ក្រាប ដោយបំភ្លៃថា ជាការធ្វើអាជីវកម្មល្មើសច្បាប់ ទាំងដែលអាជ្ញាធរភូមិ-ឃុំ បានអនុញ្ញាតឱ្យពលរដ្ឋធ្វើលើដីខ្លួនឯង តាមលក្ខណគ្រួសារ ដោយគ្មានការហាមឃាត់ឡើយ លើកលែងតែការធ្វើអាជីវកម្មនោះ ប្រើគ្រឿងចក្រខ្នាតធំ ដែលតម្រូវឱ្យទៅសុំច្បាប់អនុញ្ញាតពីមន្ទីរ ឬក្រសួងរ៉ែ និងថាមពលជាមុន។ ការដែលប្រជាពលរដ្ឋសម្រេចដាក់ពាក្យប្ដឹងនៅពេលនេះ គឺពលរដ្ឋរងគ្រោះទាំងអស់អះអាងថា ដោយសារការឈឺចាប់ និងអស់ការអត់ធ្មត់ចំពោះបុគ្គលឈ្មោះ ឈុត សាមុត ដែលយកតួនាទីជាអ្នកកាសែត មកជំរិតទារប្រាក់ពីពួកគាត់ជារៀងរាល់ខែ បើមិនមានលុយឱ្យ ដឹងតែចុះផ្សាយបំភ្លៃការពិតមិនខាន។

បុគ្គលឈ្មោះ ឈុត សាមុត ដែលរងការចោទប្រកាន់ពីពលរដ្ឋ
បុគ្គលឈ្មោះ ឈុត សាមុត ដែលរងការចោទប្រកាន់ពីពលរដ្ឋ

អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពី លោក អ៊ុច សុផាណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ តាមប្រព័ន្ធទូរសព្ទ ដោយលោកបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើ លោកកំពុងបើកការស្រាវជ្រាវ ហើយចំពោះព័ត៌មានលម្អិតយ៉ាងណានោះ លោកនឹងជម្រាបជូននៅពេលក្រោយ។ SBM News បន្តហៅទូរសព្ទទៅកាន់លោកស្រី​ ណៃ​ ធីតា​ ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ ដោយលោកស្រីបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាខាងលើ លោកស្រីបានដាក់លិខិតកោះហៅ បុគ្គលជាអ្នកកាសែតរូបនោះ ឱ្យមកធ្វើការបំភ្លឺហើយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឃើញវត្តមានបុគ្គលឈ្មោះ ឈុត សាមុត នោះនៅឡើយទេ។ លោកស្រីបានឱ្យដឹងបន្តថា នេះមិនមែនជាលើកទី១ឡើយ ដែលអ្នកសារព័ត៌មាននៅខេត្តក្រចេះ រងបណ្ដឹងពីពលរដ្ឋ ពោលគឺកន្លងមក អ្នកកាសែតផ្សេងៗទៀតក៏តែងរងបណ្ដឹងជាហូរហែរមកដែរ ជាពិសេស រឿងបញ្ហាដីធ្លី៕ 

លោក អ៊ុច សុផាណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំំស្វាយជ្រះ 
លោក អ៊ុច សុផាណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំំស្វាយជ្រះ 
លោកស្រី​ ណៃ​ ធីតា​ ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ 
លោកស្រី​ ណៃ​ ធីតា​ ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត