មិនត្រឹមបណ្ដុះបណ្ដាលលើចំណេះដឹងទូទៅទេ ក្រសួងថែមទាំងនាំយកបច្ចេកវិទ្យាកុំព្យូទ័រ ទៅបង្រៀនដល់ជំរំភៀសសឹក
L
Linda Sorn
2 ម៉ោងមុន

ក្រុងសំរោង៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បាននាំយក «សាលារៀនឌីជីថល» រួមមាន អ៊ីនធឺណែត និងកុំព្យូទ័រ ទៅដល់សាលារៀនបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ នៅ​ខេត្ត​ឧត្តរ​មានជ័យ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ នៅថ្ងៃអង្គារទី២៧មករា ឆ្នាំ២០២៦។

ក្រសួងអប់រំបានឱ្យដឹងថា ការនាំយក «សាលារៀនឌីជីថល» ទៅដល់ជំរំសុវត្ថិភាព គឺ ទទួលបានកិច្ចសហការពីក្រុមហ៊ុនគម្ពីរ(KOOMPI) និងការគាំទ្រមូលនិធិពីក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action (Action Education)។ ការរៀបចំធ្វើឡើងដើម្បីធានាថា ការសិក្សារបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មិនមានភាពរអាក់រអួល។ ក្នុងនោះ ក្រសួងបានផ្ដល់បន្ទប់ចល័ត សម្រាប់ដាក់កុំព្យូទ័រយួរដៃសម្រាប់គ្រូ កុំព្យូទ័រសម្រាប់សិស្សអនុវត្តផ្ទាល់ចំនួន១០គ្រឿង រួមជាមួយបណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server) មានផ្ទុកសៀវភៅជាង៣ពាន់ក្បាល និងវីដេអូរាប់ពាន់ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្ស ប្រើប្រាស់តាមរយៈហ្វាយហ្វាយ ដោយមិនចាំបាច់មានអ៊ីនធឺណិត។

ជាមួយគ្នា ក្រុមការងារបានរៀបចំវគ្គបណ្ដុះបណ្ដាលជូន លោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ និងសិស្សានុសិស្សចំនួន៥០នាក់ រួមទាំងអាណាព្យាបាល ពីរបៀបប្រើប្រាស់ និងថែទាំឧបករណ៍ផងដែរ។ ក្រសួងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា បន្តចូលរួមគាំទ្រ និងពង្រីកវិសាលភាពនៃ «សាលារៀនឌីជីថល» ទៅកាន់ជំរំសុវត្ថិភាពដទៃទៀត ក៏ដូចជាសាលារៀនដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីលុបបំបាត់គម្លាតឌីជីថល និងផ្តល់សមធម៌ នៃការសិក្សាសម្រាប់កុមារកម្ពុជាគ្រប់រូប។ គួរឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦មករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកសរុបចំនួន១១៣ ៩៧៦នាក់ នៅបន្តស្នាក់នៅជំរំសុវត្ថិភាព ក្នុងនោះស្ត្រីមានចំនួន៥៩៦៨៨នាក់ និងកុមារ៣៧២៨៨នាក់។ សាលារៀនចំនួន១៤ ក្នុងខេត្តឧត្តរមានជ័យ និងសាលារៀនចំនួន២៩ ក្នុងខេត្តព្រះវិហារ ក៏នៅបន្តផ្អាកនៅឡើយដែរ៕

​ ​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត