រាជធានីភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ បានចាប់ផ្តើមនៅវេលាម៉ោង២រសៀលថ្ងៃទី២៧មករា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ...។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨មករា ឆ្នាំ២០២៦ ដោយមានការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងកម្ពុជា និងថៃ។ ចំពោះ គណៈប្រតិភូក្រុមលេខាធិការកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ(RBC)។ រីឯភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ(RBC)។

កិច្ចប្រជុំ ភាគីទាំងពីរ បានធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩មករា ខាងមុខ។ តាមក្រសួងការពារជាតិដដែល កិច្ចប្រជុំពិសេសRBC នៅថ្ងៃទី២៩មករា ធ្វើឡើងដោយផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំមុន ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕



