ខ្លាចត្រាំក្រឡុកលោកីយ៍ខ្លាំងពេក! ស៊ី ជីនពីង ទាញដៃហ្វាំងឡង់មកពង្រឹងសណ្តាប់ធ្នាប់ពហុប៉ូល
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក​ ភីទ័ររី អ័រប៉ូ (Petteri Orpo) នៅថ្ងៃអង្គារទី២៧ ខែមករានេះថា រដ្ឋធានីប៉េកាំង បានត្រៀមខ្លួនរួចរាល់ដើម្បីការធ្វើការជាមួយរដ្ឋធានីហែលសិនគី (Helsinki) លើការលើកកម្ពស់ប្រព័ន្ធអន្តរជាតិ ដែលផ្តោតលើអង្គការសហប្រជាជាតិ និងជំរុញសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ផ្អែកលើសកលភាវូបនីយកម្មសេដ្ឋកិច្ច បន្ទាប់ពី ត្រាំ ក្រឡុកពិភពលោកខ្លាំងពេក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួរ។

លោក ស៊ី ជីនពីង (ឆ្វេង) និងលោក  លោក​ ភីទ័ររី អ័រប៉ូ 
លោក ស៊ី ជីនពីង (ឆ្វេង) និងលោក  លោក​ ភីទ័ររី អ័រប៉ូ 

រដ្ឋធានីប៉េកាំងសង្ឃឹមថា ប្រទេសហ្វាំងឡង់ នឹងដើរតួនាទីស្ថាបនាលើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់លោក ស៊ី។ ដំណើរទស្សនកិច្ចរបស់លោក អ័រប៉ូ ទៅកាន់ប្រទេសចិន កើតឡើងបន្ទាប់ពីការសម្រេចចិត្តលើគោលនយោបាយការបរទេសដ៏ផុយស្រួយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យទំនាក់ទំនងរវាងអាម៉េរិក និងសហភាពអឺរ៉ុប ស្ថិតនៅមាត់ជ្រោះនៃមាគ៌ាមរណៈ។ ទន្ទឹមនឹងលោក ត្រាំ គំរាមដណ្តើមយកកោះហ្គ្រោអង់ឡង់ ឬហ្គ្រីនឡែន ក្រោមលេសរារាំងឥទ្ធិពលចិន និងរុស្ស៊ី នៅក្នុងតំបន់។ តំបន់អាក់ទិកកាន់តែមានសារសំខាន់ចំពោះពាណិជ្ជកម្មអន្តរជាតិ ព្រោះជាផ្លូវទឹកកដឹកជញ្ជូនថ្មី និងលឿនជាងមុន ចំណេញពេលវេលាក្នុងការឆ្លងកាត់រវាងអាស៊ី និងអឺរ៉ុប។ ១ភាគ៣នៃទឹកដីរបស់ប្រទេសហ្វាំងឡង់ស្ថិតនៅលើរង្វង់នៃតំបន់អាកទិក ខណៈប្រទេសចិនចាត់ទុកខ្លួនឯងថា ជារដ្ឋជិតខាងអាកទិក ហើយតែងតែចិញ្ចឹមចិត្តក្នុងការកសាងផ្លូវសូត្រនៅតំបន់ប៉ូល។

ក្រៅពីជំរុញឱ្យហ្វាំងឡង់រួមគ្នាបង្កើនសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល លោក ស៊ី ក៏បានអំពាវនាវឱ្យសហការគ្នាបន្ថែមទៀតនៅក្នុងវិស័យនានា រួមទាំងការផ្លាស់ប្ដូរថាមពល កសិកម្ម និងព្រៃឈើផងដែរ។ សូមជម្រាបថា លោក អ័រប៉ូ បាននិងកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែមករា។ ជាមួយគ្នា លោក អ័រប៉ូ បានលើកឡើងពីកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។ ជាចុងក្រោយ លោក អ័រប៉ូ ក៏បានអញ្ជើញលោក ស៊ី ទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ ក្នុងពេលវេលាដ៏សមស្របមួយ ដើម្បីតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វាំងឡង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត