
រដ្ឋធានីប៉េកាំង៖ ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃទី២៤ ខែមករាថា អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) លោក ចាង យូសៀ Zhang Youxia និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺលោក លីវ ហ្សេនលី Liu Zhenli កំពុងត្រូវបានស៊ើបអង្កេតពីបទរំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ...។

លោក ចាង យូសៀ អាយុ៧៥ឆ្នាំ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងយូរអង្វែងបំផុតម្នាក់របស់ប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងជួរកងទ័ព។ ទំនាក់ទំនងរវាងលោក និងលោក ស៊ី មានភាពស៊ីជម្រៅតាំងពីជំនាន់ឪពុករបស់ពួកគេ ជាសមមិត្តបដិវត្តន៍ជាមួយគ្នា។ ក្នុងនាមជាអនុប្រធាន CMC លោក ចាង គឺជាអ្នកគ្រប់គ្រងលើប្រតិបត្តិការយោធា ការបណ្ដុះបណ្ដាល និងការទិញអាវុធរបស់កងទ័ពរំដោះប្រជាជនចិន។ លោក លីវ ហ្សេនលី អាយុ៦១ឆ្នាំ គឺជាប្រធាននាយកដ្ឋានសេនាធិការចម្រុះ និងជាសមាជិក CMC ដែលទទួលបន្ទុកលើការត្រៀមលក្ខណៈប្រយុទ្ធ និងប្រតិបត្តិការចម្រុះរបស់កងទ័ពចិន។ មេទ័ពទាំងពីររូបនេះ ត្រូវបានគេឃើញជាសាធារណៈចុងក្រោយ កាលពីថ្ងៃទី២២ ខែធ្នូ ក្នុងពិធីបំពាក់ឋានន្តរសក្តិជានាយឧត្តមសេនីយ៍ ដែលដឹកនាំដោយលោក ស៊ី ជីនពីង។

មន្ទិលសង្ស័យបានចាប់ផ្ដើមកើតឡើងនៅពេលដែលលោក លោក ចាង យូសៀ និងលោក លីវ ហ្សេនលី បានអវត្តមានពីកិច្ចប្រជុំសិក្សាកម្រិតខ្ពស់មួយ កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ។ ការស៊ើបអង្កេតនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោក ចាង ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានឥទ្ធិពលបំផុតម្នាក់ និងជាខ្នងបង្អែកយោធារបស់លោក ស៊ី។ ក្រៅពីមេដឹកនាំទាំងពីរនេះ ក៏មានពាក្យចចាមអារ៉ាមអំពីវាសនារបស់មន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដូចជា លោក ម៉ា ស៊ីងរួយ Ma Xingrui អតីតលេខាបក្សខេត្តស៊ីនជាំង ដែលបានបាត់មុខពីសាធារណៈអស់រយៈពេលជាច្រើនខែមកហើយ។ សកម្មភាពនេះ បង្ហាញឱ្យឃើញថា យុទ្ធនាការកម្ចាត់អំពើពុករលួយក្នុងជួរកងទ័ពរបស់លោក ស៊ី ជីនពីង នៅតែបន្តធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុត ទោះបីអ្នកនោះជាមនុស្សជំនិតបំផុតរបស់លោកក៏ដោយ៕




