មាត់ស្បថជាមួយស្តេចឥន្ទ្រីអាម៉េរិក ដៃលូកហោប៉ៅទាញលុយទិញអាវុធពីនាគរាជចិន! តើថៃកំពុងរៀបចំផែនការអ្វី..?
ហៀប ស៊ីថេត
5 ម៉ោងមុន

បទបរិយាយ៖ ជាសម្ព័ន្ធមិត្តសន្ធិសញ្ញាអាម៉េរិក ប៉ុន្តែហេតុអ្វីឃ្លាំងអាវុធថៃ ស្តុកទៅដោយយុទ្ធោបករណ៍ចិន...? នៅក្នុងរបត់ភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងប្រយោជន៍និយម ថៃកំពុងបង្កប់នូវមហិច្ឆតាឈ្លានពានដ៏ធំមួយ ដែលរាជធានីបាងកក បាននិងកំពុងបង្ហាញជំហរគឺ «ខ្លួនមួយ ជិះទូក២» ព្រោះថៃ គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាម៉េរិកដ៏ចាស់វស្សា ប៉ុន្តែបែរជាបើកកាបូបដកលុយយ៉ាងច្រើនសន្ធឹកទៅទិញសព្វាចិនទៅវិញ ដែលនេះមានន័យថា «ដៃកាន់កាំភ្លើងចិន តែខ្នងបង្អែកលើស្មាអាម៉េរិក»...។

គួរជម្រាបថា ប្រទេសថៃ បាននិងកំពុងជះលុយទិញអាវុធផលិតដោយចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបំពេញឃ្លាំងរបស់ខ្លួន បន្ទាប់ពីបើកការឈ្លានពានកម្ពុជា២១ថ្ងៃ។ ក្នុងកិច្ចព្រមព្រៀងរបស់ថៃជាមួយចិន រួមមាន៖ ការទិញកប៉ាល់មុជទឹក រថក្រោះ រថពាសដែក និងយុទ្ធោបករណ៍តម្លៃខ្ពស់ផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់ដោយកាសែតចិន South China Morning Post។ ជាក់ស្តែង កងទ័ពភូមិន្ទថៃ បានបញ្ចប់កិច្ចព្រមព្រៀងទិញរថពាសដែកប្រភេទ VN-1 ផលិតដោយចិនបន្ថែមមួយឈុតធំទៀត ក្នុងតម្លៃ១ពាន់លានបាត ឬស្មើ៣២លានដុល្លារអាម៉េរិក។ នេះមានន័យថា​ ឃ្លាំងអាវុធនឹង​បន្ថែមរថពាសដែក VN-1 ២០គ្រឿង​ ខណៈដែលក្នុងឃ្លាំងមានជាង ១០០គ្រឿងស្រាប់រួចទៅហើយ។

រថពាសដែកប្រភេទ VN-1
រថពាសដែកប្រភេទ VN-1

មែនទែនទៅ កិច្ច​ព្រមព្រៀងថ្មីនេះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២៦ ក្រោម​ក្របខណ្ឌ​​រដ្ឋាភិបាល​នៃប្រទេសទាំង២។ ការបញ្ជាទិញបន្ថែម គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសថៃ ដើម្បីគាំទ្រយោធាជួរមុខ ក្នុងស្រមោលនៃមហិច្ឆតាឈ្លានពានកម្ពុជា។ សំណួរសួរថា តើថៃកំពុងតែលេងល្បែងលោតអន្ទាក់ដាក់មហាអំណាច ឬយ៉ាងណា..? ឬមួយរាជធានីបាងកក ចង់ដើរចេញពីអំណាចរដ្ឋធានីវ៉ាស៊ីនតោន ក្រោយសុំទិញយន្តហោះចម្បាំង F-35 មិនបាន ហើយងាកទៅចាប់របបរដ្ឋធានីប៉េកាំងវិញ...? អាចនិយាយបានថា ថៃមិនអាចដើរចេញពីសម្ព័ន្ធរដ្ឋធានីវ៉ាស៊ីនតោនឡើយ ព្រោះបងធំអាម៉េរិក គឺជាសន្លឹកអាត់កឺ សម្រាប់រាជធានីបាងកក។ សន្លឹកអាត់កឺ មានន័យថា ទោះបីជាឃ្លាំងរបស់ខ្លួនស្តុកដោយអាវុធចិន តែឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ថៃ មិនអាចគ្មានអាម៉េរិកបានឡើយ ជាក់ស្តែង សមយុទ្ធយោធា «ពស់វែកមាស Cobra Gold» ដឹកនាំដោយរដ្ឋធានីវ៉ាស៊ីនតោននៅប្រទេសថៃ ដែលមានប្រទេស៣០ចូលរួម ជាទឡ្ហីករណ៍ស្រាប់។  

ទោះជាយ៉ាងណាក៏ដោយ ការរំលោភកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ ដែលថៃទាត់ចោលទៅកៀនជញ្ជាំង ទំនងជាធ្វើឱ្យបងធំអាម៉េរិកអន់ចិត្ត ពិសេសគឺ លោកត្រាំ តែម្ដង ព្រោះលោកចង់ឱ្យការបញ្ឈប់សង្គ្រាមរវាងប្រទេសទាំងពីរ គឺជាសេចក្តីផ្តើមនៃពានរង្វាន់ណូបែលសន្តិភាព តែត្រូវថៃមិនគោរពតាម ហើយបើកការឈ្លានពានលើកម្ពុជាទាំងកំរោល ព្រៃផ្សៃ កាចសាហាវយង់ឃ្នង និងអមនុស្សធម៌ ដើម្បីតែបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរ។ ម្យ៉ាងវិញទៀត ការរត់ទៅទិញសព្វាវុធចិន ពេលនេះ ក៏អាចជាការឌឺដងមួយទៅកាន់សហរដ្ឋអាម៉េរិកដែរថា ក្រៅពីយន្តហោះចម្បាំង F-35 ដែលថៃសុំទិញមិនបាន ទីផ្សារប្រទេសចិន ក៏មានយុទ្ធោបករណ៍ជាច្រើនទៀត ដែលថៃត្រូវការយកមកបំពេញខ្លាំងអាវុធរបស់ខ្លួនដែរ។ នេះគឺជាយុទ្ធសាស្ត្រ «ខ្លួនមួយជិះទូក២» ដែលថៃកំពុងលេងជាមួយមហាអំណាចពិភពលោកទាំងពីរ ដើម្បីទប់លំនឹងទង្វើឈ្លានពានរបស់ខ្លួនលើប្រទេសកម្ពុជា ព្រោះថៃដឹងយ៉ាងច្បាស់ថា ការទិញអាវុធទំនើបៗរបស់ចិននៅពេលនេះ អាចស្កាត់ការលូកដៃជួយរបស់ចិនលើកម្ពុជាបានមួយចំណែកធំ និងអាចបោកបងធំអាម៉េរិក ថាការវាយសង្គ្រុបកម្ពុជា គឺដើម្បីទប់ឥទ្ធិពលចិនវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត