
រដ្ឋធានីប៉េកាំង៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេសវៀតណាមកាន់តែខ្លាំងបន្ថែមទៀត ខណៈបងធំមហាអំណាចសេដ្ឋកិច្ចទី២រូបនេះ បានអំពាវនាវទៅកាន់មេដឹកនាំវៀតណាម ដែលទើបនឹងតែងតាំងថ្មីថា ប្រទេសទាំង២ គួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃចន្ទទី២៦ ខែមករា ឆ្នាំ២០២៦។

នេះគឺជាការអំពាវនាវលើកដំបូងរវាងមេដឹកនាំចិន-វៀតណាម ចាប់តាំងពីលោក តូ ឡឹម ត្រូវបានតែងតាំងជាប្រធានបក្សកុម្មុយនីស្ដរបស់វៀតណាម សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត។ ក្នុងសារអបអរសាទរ បង្កប់ដោយអត្ថន័យការទូតមួយទៅកាន់លោក តូ ឡឹម, លោក ស៊ី បានពណ៌នាអំពីប្រជាជាតិក្បែរខាងទាំង២ ថា ជាសហគមន៍ដែលមានអនាគតរួមគ្នា ហើយរដ្ឋធានីប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយរដ្ឋធានីហាណូយ។ លើសពីនេះ លោក ស៊ី បានសង្កត់ធ្ងន់ថា៖«ប្រទេសចិន និងវៀតណាម គួរបន្តដំណើរទៅមុខ ហើយរក្សាការមិនផ្លាស់ប្ដូរនៅក្នុងសេចក្តីប្រាថ្នារួមរបស់ពួកគេ ដោយធ្វើការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍ»។ លើសពីនេះ លោក ស៊ី បានជំរុញ លោក តូ ឡឹម ឱ្យរួមគ្នាប្រឆាំងនឹងអនុត្តរភាព និងការប្រឈមមុខដាក់គ្នា។ តាមពិតទៅ រដ្ឋកុម្មុយនីស្ដទាំង២ មានប្រវត្តិមិនទុកចិត្តគ្នា និងជម្លោះទឹកដីយូរយារណាស់មកហើយ រួមទាំងបញ្ហាទាមទារត្រួតត្រាព្រំដែនសមុទ្ទចិនខាងត្បូងផងដែរ។

ការដែលលោក ស៊ី ជីនពីង ប្រើពាក្យ «សហគមន៍អនាគតរួមគ្នា» មិនមែនគ្រាន់តែជាពាក្យការទូតធម្មតានោះទេ ប៉ុន្តែវាជាអន្ទាក់នៃមនោគមវិជ្ជា ដើម្បីចងជើងវៀតណាមឱ្យនៅក្បែរចិន ហើយរដ្ឋធានីប៉េកាំង ក៏ចង់រំឭកផងដែរថា ទោះបីប្រទេសទាំង២ មានជម្លោះសមុទ្ទចិនខាងត្បូងក៏ដោយ ក៏របបកុម្មុយនីស្ដទាំង២ គឺជា«បងប្អូនជោគវាសនាតែមួយ» ដែលត្រូវតែរួមគ្នាប្រឆាំងនឹង អនុត្តរភាព ឬអំណាចខាងក្រៅ ដែលគេដឹងច្បាស់ថា សំដៅលើសហរដ្ឋអាម៉េរិក។ លើសពីនេះ លោក ស៊ី ក៏ចង់ព្រមានដោយប្រយោលថា វៀតណាមមិនគួរងាកទៅរកសហរដ្ឋអាម៉េរិកខ្លាំងពេក រហូតដល់ភ្លេចអ្នកនៅក្បែរខ្លួនឡើយ។ ម្យ៉ាងវិញទៀត ទោះបីលោក ស៊ី ប្រើពាក្យផ្អែមល្ហែមយ៉ាងណា ក៏ស្នាមរបួសចាស់រឿងព្រំដែនគោក និងបញ្ហាសមុទ្ទចិនខាងត្បូង នៅតែជាដំបៅកប់ជ្រៅក្នុងទ្រូងរដ្ឋធានីហាណូយ៕




