
រាជធានីបាងកក៖ ក្រសួងហិរញ្ញវត្ថុថៃ បានប្រកាសនៅថ្ងៃទី២៧មករានេះថា សេដ្ឋកិច្ចប្រទេសថៃត្រូវបានអ្នកជំនាញរំពឹងថា នឹងមានកំណើន២,០ភាគរយនៅឆ្នាំ២០២៦ ជាតួលេខរក្សានៅដដែល បើធៀបនឹងការព្យាករលើកមុន ហើយវាបង្ហាញពីសន្ទុះយឺតយ៉ាវជាងឆ្នាំកន្លងទៅ ប្រសិនបើព្រំដែនជាមួយកម្ពុជាបន្តបិទអូសបន្លាយទៅមុខទៀត...។

ទោះបីការនាំចេញត្រូវបានគេរំពឹងថា នឹងងើបឡើងវិញក្នុងកម្រិត១,០ភាគរយ ខណៈវិស័យទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិចំនួន៣៥,៥លាននាក់ ក៏តួលេខទាំងនេះ នៅតែមិនទាន់អាចជួយឱ្យសេដ្ឋកិច្ចថៃ វិលទៅរកសភាពខ្លាំងក្លាដូចពីមុនបានឡើយ។ ជាមួយគ្នា ធនាគារកណ្តាលថៃ ថែមទាំងបានព្យាករថា កំណើនសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះមកនៅត្រឹម១,៥ភាគរយប៉ុណ្ណោះ សម្រាប់ឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីក្តីបារម្ភចំពោះភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងបញ្ហាក្នុងស្រុក។

សេដ្ឋកិច្ចដែលធំជាងគេលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រឈមមុខនឹងព្យុះសេដ្ឋកិច្ចពីច្រើនទិសដៅ រួមមាន ការឡើងថ្លៃនៃប្រាក់បាតដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង ការដាក់ពន្ធគយ១៩ភាគរយពីសំណាក់សហរដ្ឋអាម៉េរិក និងសម្ពាធពីបំណុលគ្រួសារដ៏ខ្ពស់។ បន្ថែមលើបញ្ហាសេដ្ឋកិច្ច ថៃក៏កំពុងជួបការលំបាកដោយសារការឈ្លានពានមកលើកម្ពុជា បណ្ដាលឱ្យទំនិញមួយភាគធំមិនអាចឆ្លងដែនចរាចរណ៍លើទីផ្សារកម្ពុជាបាន និងភាពមិនច្បាស់លាស់ផ្នែកនយោបាយ នៅមុនការបោះឆ្នោតជាតិ ដែលនឹងឈានចូលមកដល់នៅដើមខែកុម្ភៈ។

កត្តាទាំងអស់នេះ រួមផ្សំជាមួយនឹងអត្រាអតិផរណា ដែលស្ថិតក្នុងកម្រិតទាបបំផុតត្រឹម០,៣ភាគរយ កំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។ ក្រៅពីបញ្ហាផ្ទាល់ខ្លួន ថៃក៏កំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីអាម៉េរិក ពាក់ព័ន្ធការបញ្ជូនទំនិញបន្តពីប្រទេសទីបី ដែលអាចនឹងនាំឱ្យមានការរឹតបន្តឹងពន្ធដារកាន់តែខ្លាំងថែមទៀត។ ក្នុងស្ថានភាពដែលតម្លៃទំនិញប្រើប្រាស់ធ្លាក់ចុះតាំងពីឆ្នាំ២០២៥ អាជ្ញាធរហិរញ្ញវត្ថុថៃ ត្រូវបានប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ ដើម្បីបញ្ចៀសការធ្លាក់ចុះនៃអំណាចទិញ ស្របពេលវិស័យឯកជនកំពុងរង់ចាំមើលលទ្ធផល នៃការបោះឆ្នោតខាងមុខ ដែលនឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់ទិសដៅសេដ្ឋកិច្ចនាពេលអនាគត៕



