រាជធានីបាងកក៖ សង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ទាញទ្វារព្រំដែនបិទដោយឯកតោភាគី ចរន្តនយោបាយមិនប្រាកដប្រជា ភាពតានតឹងពាណិជ្ជកម្ម រហូតដល់ភាពមិនច្បាស់លាស់លើគោលនយោបាយសេដ្ឋកិច្ចសកល ធ្វើឱ្យធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចថៃ នឹងកើនឡើងតិចបំផុតនៅអាស៊ីអាគ្នេយ៍ ត្រឹម១,៨ភាគរយសម្រាប់ឆ្នាំ២០២៦។ ទួរលេខនេះ ជាស៊ីរ៉ែនអាសន្នបន្លឺថា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២របស់អាស៊ានមួយនេះ កំពុងបាត់បង់សន្ទុះប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរ...។

ការឈ្លានពានលើកម្ពុជា និងទាញទ្វារព្រំដែនបិទដោយឯកតោភាគី ជាបញ្ហាប្រឈមស្នូលដ៏សំខាន់មួយ ដែលភ្ជង់គំរាមកំណើនសេដ្ឋកិច្ចថៃ មិនឱ្យងើបឡើងខ្ពស់បាន។ មិនបានខ្ពស់ ក៏ព្រោះតែក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល ដែលបានចេញផ្សាយដោយធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើងត្រឹមតែ១,៨ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៦ ហើយនៅឆ្នាំ២០២៧ គេរំពឹងថា ថៃនឹងមានកំណើន២,៥ភាគរយ។ ទោះបីជាមានការធ្វើឱ្យប្រសើរឡើងបន្តិចបន្តួចក៏ដោយ ក៏ទស្សនវិស័យកំណើនរបស់ប្រទេសថៃ នៅតែខ្សោយជាងគេបំផុតក្នុងចំណោមដៃគូអាស៊ានផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៦ ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងមានកំណើន៦,៣ភាគរយ, ហ្វីលីពីន៥,៣ភាគរយ, ឥណ្ឌូណេស៊ី៥,០ភាគរយ, កម្ពុជា៤,៣ភាគរយ, ម៉ាឡេស៊ី៤,១ភាគរយ, ឡាវ៤,០ភាគរយ និងមីយ៉ាន់ម៉ា៣,០ភាគរយ ប៉ុន្តែថៃមានកំណើនត្រឹមតែ១,៨ភាគរយប៉ុណ្ណោះ។

រវល់ផ្ដោតខ្លាំងលើការប្រើប្រាស់កម្លាំងយោធាមសង្គ្រុបកម្ពុជាទាំងកំរោល ជាកាតាលីករស្នូលមួយ ដែលបានដឹកដៃសេដ្ឋកិច្ចថៃ ឱ្យចូលអន្ទាក់នៃកំណើនទាបបំផុតក្នុងតំបន់។ ទាបក៏ព្រោះតែថៃព្រហើនមើលងាយកម្ពុជា ដែលជាប្រទេសតូចជាងខ្លួន ដោយហ៊ានទាញច្រកទ្វារព្រំដែនបិទជាឯកតោភាគី គ្មានសួរកម្ពុជាមួយម៉ាត់ ទាំងដែលកម្ពុជា[ជា]អ្នកទិញទំនិញដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ កំណើនទាបនៃសេដ្ឋកិច្ចថៃ មិនមែនជារឿងចៃដន្យ នោះក៏ព្រោះថា វាគឺជាលទ្ធផលនៃនយោបាយដ៏ចាស់គំរឹលរបស់ខ្លួន ដែលតែងយកកម្ពុជាធ្វើឈ្នាន់កលិយុគនយោបាយរបស់ខ្លួន ហើយបញ្ឆេះសង្គ្រាមឈ្លានពានកម្ពុជាតែម្ដង។ ការដែលថៃព្យាយាមដាក់សម្ពាធលើកម្ពុជា មិនបានធ្វើឱ្យថៃខ្លាំងជាងមុនទេ ផ្ទុយទៅវិញវាបានបង្អាក់ដំណើរសេដ្ឋកិច្ចខ្លួនឯង ហើយធ្វើឱ្យកម្ពុជាកាន់តែរឹងមាំថែមមួយកម្រិតទៀត តាមរយៈស្មារតី «ពហិការ មិនប្រើប្រាស់ផលិតផលថៃ»។ ប្រសិនបើថៃ នៅតែប្រកាន់គំនិតអាត្មានិយម គិតថាខ្លួនឯងអស្ចារ្យ ហើយនៅបន្តឈ្លានពានកម្ពុជាទៀតនោះ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ាន នឹងធ្លាក់ចូលអន្ទាក់ប្រទេសដែលមានប្រាក់ចំណូលទាប ឬមធ្យមជាក់ជាមិនខាន៕

