ព្រំដែនថៃ-ភូមាឡើងកម្តៅ! របបសឹកប្រើដ្រូនអត្តឃាតវា.យ.ប្រ.ហារលើក្រុមការ៉ែន តែគ្រាប់ផ្លាតចូលកម្ទេចផ្ទះពលរដ្ឋថៃ
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីបាងកក៖ ព្រំដែនថៃ-ភូមា ឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារយ៉ាងសន្ធាប់ដោយដ្រូនអត្តឃាត ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNU) ប៉ុន្តែគ្រាប់បានផ្លាតចូលទៅកម្ទេចផ្ទះប្រជាជនថៃ។ មេបញ្ជាការកងទ័ពជើងគោកថៃ ភ័យស្លន់ស្លោ ប្រញាប់ប្រញាល់ទៅកាន់សមរភូមិមុខ ដើម្បីលើកទឹកចិត្តកងទ័ព និងបញ្ជាឱ្យមានវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត...។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែនបំបែកខ្លួន នៅទល់មុខភូមិម៉ែកនកេន (ភាសាសៀម៖ แม่กรณ์เคน) និងភូមិហួយមហាវង្ស (ห้วยมหาวงศ์) ក្នុងឃុំមហាវ៉ាន់ (มหาวัน) ស្រុកម៉ែសូត្រ នៃខេត្តតាក ប្រទេសថៃ។ កងទ័ពមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអត្តឃាតជាច្រើនគ្រឿង រួមទាំងដ្រូនទម្លាក់គ្រាប់បែក ដើម្បីកំណត់គោលដៅទីតាំងរបស់ក្រុមប្រដាប់អាវុធការ៉ែន ក្នុងក្រុងម្យ៉ាវ៉ាឌី (မြဝတီ) រដ្ឋកាយីន (ភាសាភូមា៖ ကရင်ပြည်နယ်) ជាប់ព្រំដែនថៃ។ យ៉ាងណា តួលេខអំពីជន​រង​គ្រោះ​នៅ​តំបន់​នេះ​ មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែរបាយការណ៍​​បង្ហាញ​ថា ទាហាន​មីយ៉ាន់ម៉ា​ ​ព្យាយាម​ដណ្តើម​យក​មូលដ្ឋាន​យោធាប៉ាស័ក្តិ (Pa Sak) ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន មិន​បាន​ជោគជ័យ ខណៈការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ ​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​ជន​ស៊ីវិល​ថៃ​មួយ​ខ្នង​។

អង្គុយលែងនឹង អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោក ផៈណា ក្លែវផ្លតធូក (พนา แคล้วปลอดทุกข์) និងប្រតិភូយោធា បានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពសន្តិសុខរបស់កងកម្លាំងការពារព្រំដែនដោយផ្ទាល់។ យោធាថៃ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសានយ៉ៃលូ (ซานยายหลู่) ឃុំម៉ែគូ (แม่กู่) ក្នុងស្រុកម៉ែសូត្រនៃខេត្តតាក។ គួរជម្រាបថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃ-ភូមា ពេលនេះ មិនមែនគ្រាន់តែជាការប៉ះទង្គិចធម្មតានោះទេ ប៉ុន្តែវាបាននិងកំពុងដុតរោលដល់សន្តិសុខព្រំដែនថៃយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់ដ្រូនអត្តឃាតយ៉ាងសន្ធាប់ពីសំណាក់របបសឹកមីយ៉ាន់ម៉ា មិនត្រឹមតែជាការប៉ុនប៉ងកម្ទេចក្រុមការ៉ែនឱ្យរលាយខ្សុលនោះទេ ប៉ុន្តែវាបានឆ្លងចូលដោយប្រយោលក្នុងទឹកដីថៃ។ លើសពីនេះ វត្តមានផ្ទាល់របស់អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ នៅសមរភូមិមុខ ខេត្តតាក មិនមែនគ្រាន់តែជាការចុះសួរសុខទុក្ខធម្មតាទេ ប៉ុន្តែវាជាការត្រៀមលក្ខណៈ ដើម្បីសង្គ្រាមផងដែរ។ តើថៃហ៊ានវាយបកទៅភូមាវិញទេ? ឬមួយបានត្រឹមហ៊ានក្រអឺតក្រទមដាក់តែជាមួយកម្ពុជា?..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត