រាជធានីបាងកក៖ រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង បានក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយក្នុងខេត្តបទុមធានី (ปทุมธานี) បណ្ដាលឱ្យសិស្សប្រហែល៣០នាក់រងរបួស។ នេះបើតាមប៉ូលិសថៃចុះផ្សាយដោយកាសែតខាវសដ នាថ្ងៃទី២២មករានេះ..។

តាមពិតទៅ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅភូមិខង១១ (โขง11 ) ឃុំប៊ុងបា (บุ่งบา) ស្រុកណងសឿ (น้องเสือ)។ មន្ត្រីស៊ើបអង្កេតប្រចាំប៉ុស្តិ៍នគរបាលណងសឿ បានអះអាងថា មន្រ្តីប៉ូលិសចរាចរណ៍ មន្ត្រីស្រុក និងក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រថយន្តដឹកសិស្សសាលាមួយគ្រឿង បានធ្លាក់ចូលទៅក្នុងប្រឡាយ និងបណ្ដាលឱ្យសិស្សជាច្រើននាក់បានរងរបួស។ រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈសិស្សខ្លះ ត្រូវឪពុកម្តាយនាំទៅផ្ទះវិញ និងខ្លះទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែមិនមានអ្នកស្លាប់ទេ។ អ្នកបើកបរ ដែលមានវ័យ៥៧ឆ្នាំ បាននិយាយថា ភ្លៀងបានធ្វើឱ្យផ្លូវរអិល ហើយទាញចង្កូតទៅខាងស្ដាំយ៉ាងខ្លាំង។ ទោះបីបើកបរក្នុងល្បឿនប្រហែល៣០គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ក៏លោកមិនអាចបួងចង្កូតមកវិញបានដែរ៕
