រដ្ឋធានីហាណូយ៖ សហភាពអឺរ៉ុប (EU) និងប្រទេសវៀតណាម ត្រៀមនឹងដំឡើងកម្រិតទំនាក់ទំនងការទូតទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាកម្រិតខ្ពស់បំផុតរបស់វៀតណាម ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនូញ៉ូ កូស្តា នៅរដ្ឋធានីហាណូយ នាសប្តាហ៍ក្រោយ...។

យោងតាមមន្ត្រីជាន់ខ្ពស់ EU ជំហាននេះ ធ្វើឡើងដើម្បីពង្រីកសម្ព័ន្ធភាពអន្តរជាតិ ខណៈភាគីទាំងពីរកំពុងរងផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់រដ្ឋបាល ត្រាំ។ ទស្សនកិច្ចនេះ ក៏មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅផងដែរ ព្រោះលោក កូស្តា អាចនឹងក្លាយជាមេដឹកនាំមហាអំណាចដំបូងគេបង្អស់ ដែលបានជួបពិភាក្សាជាមួយ លោក តូ ឡឹម បន្ទាប់ពីលោកត្រូវបានបក្សកុម្មុយនីស្ដវៀតណាម បោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការបក្សសម្រាប់អាណត្តិថ្មី កាលពីថ្ងៃសុក្រកន្លងទៅ។ ការដំឡើងកម្រិតទំនាក់ទំនងនេះ នឹងដាក់សហភាពអឺរ៉ុបឱ្យស្ថិតក្នុងលំដាប់ផ្កាយដូចគ្នាទៅនឹង ចិន សហរដ្ឋអាម៉េរិក និងរុស្ស៊ី ដែលនេះស្របតាមយុទ្ធសាស្ត្រការទូតរក្សាតុល្យភាពមហាអំណាចរបស់វៀតណាម។

ថ្វីដ្បិតតែការដំឡើងឋានៈនេះ មានលក្ខណៈជានិមិត្តរូប ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើវិស័យបច្ចេកវិទ្យា ថាមពល និងសារធាតុរ៉ែសំខាន់ៗ។ វៀតណាម មានសក្តានុពលខ្លាំងលើរ៉ែកម្រ កាលីយូម (Gallium) និងតុងស្តែន (Tungsten) ដែលសុទ្ធសឹងជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មអឺរ៉ុប។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែមានចំណុចទាស់ទែងខ្លះដែរ ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្មដែល EU ខាតបង់ដល់ទៅជាង៤២ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤ និងការរិះគន់របស់អឺរ៉ុបថា វៀតណាមបានដាក់របាំងពន្ធមិនមែនគយ ដើម្បីរារាំងទំនិញនាំចូលពីអឺរ៉ុប៕
