
រដ្ឋធានីវ៉ាស៊ីនតោន៖ សមុទ្ទខ្សាច់នៅមជ្ឈិមបូព៌ា កាន់តែក្ដៅហែង! នាវាផ្ទុកយន្តហោះ នាវាពិឃាត និងនាវាជំនួយរបស់សហរដ្ឋអាម៉េរិក បានបណ្តែតខ្លួនទៅដល់មុខផ្ទះអ៊ីរ៉ង់ហើយ ដែលនេះជាការឆ្លុះបញ្ចាំងនៃការពង្រីកសមត្ថភាពយោធា កាន់តែស្រួចស្រាវរបស់បុរសខ្លាំង ដូណាល់ ត្រាំ នៅតំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍សង្គ្រាមនុយក្លេអ៊ែរ កាន់តែផុយស្រួយ...។

មន្រ្តីអាម៉េរិកបានប្រាប់រ៉យទ័រថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln (យូអេសអេស អាប្រាហាំ លីនខូលន៍) និងនាវាពិឃាតជាច្រើនគ្រឿងទៀត បានហែលឆ្លងចូលទៅដល់តំបន់មជ្ឈិមបូព៌ាហើយ។ ការទៅដល់នៃនាវាយក្សរបស់អាម៉េរិកនេះកើតឡើង ក្រោយ ត្រាំ អះអាងថា សហរដ្ឋអាម៉េរិកកំពុងបញ្ជូនអាវុធទៅមុខផ្ទះអ៊ីរ៉ង់ ប៉ុន្តែលោកមិនចាំបាច់ប្រើវាទេ ទោះភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានកើនឡើងខ្លាំងក៏ដោយ។ ជាមួយគ្នា លោក ដូណាល់ ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថា នឹងធ្វើអន្តរាគមន៍កម្រិតយោធា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តសម្លាប់បាតុករ។ ក្រៅពីនាវាផ្ទុកយន្តហោះ និងនាវាចម្បាំង មន្ទីរបញ្ចកោណ ក៏កំពុងចល័តយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសទៅកាន់មជ្ឈិមបូព៌ាផងដែរ។ ជាក់ស្តែង កាលពីចុងសប្តាហ៍មុន យោធាអាម៉េរិកបានប្រកាសថា នឹងធ្វើលំហាត់សឹកនៅក្នុងតំបន់ ដើម្បីបង្ហាញពីសមត្ថភាពកងទ័ព។ គេនៅចាំបានថា អាម៉េរិកបានប្រមូលផ្តុំយោធាទ្រង់ទ្រាយធំមួយ កាលពីឆ្នាំមុន មុនពេលបើកការវាយប្រហារកម្ទេចរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា។

កាលពីចុងសប្តាហ៍កន្លងទៅ អ៊ីរ៉ង់បានគ្រហឹមព្រមានវិញថា បើមានការវាយប្រហារណាមួយកើតឡើង នោះគឺជាការបង្កសង្គ្រាមប្រឆាំងរដ្ឋធានីតេហេរ៉ង់ យ៉ាងពិតប្រាកដ។ នៅពេលនោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា៖«ការប្រមូលផ្តុំយោធា[អាម៉េរិក]នេះ យើងសង្ឃឹមថា វាមិនមានបំណងសម្រាប់ការប្រឈមមុខដាក់គ្នាពិតប្រាកដនោះទេ ប៉ុន្តែយោធារបស់យើង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផែនការដ៏គ្រោះថ្នាក់បំផុត។ នេះជាមូលហេតុដែលអ្វីៗទាំងអស់ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅប្រទេសអ៊ីរ៉ង់»។ មន្ត្រីរូបនោះ បានបន្លឺឡើងទៀតថា៖«លើកនេះ[..]យើងស្វាគមន៍ការវាយប្រហារណាមួយ..ចំពោះសង្រ្គាមប្រឆាំងនឹងយើង ហើយយើងនឹងឆ្លើយតបតាមវិធីដ៏សាកសមបំផុត។ ប្រសិនបើជនជាតិអាម៉េរិកបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ យើងនឹងឆ្លើយតបភ្លាម[..]»។ យ៉ាងណា កាលពីថ្ងៃចន្ទទី២៦មករា មន្រ្តីអាម៉េរិកម្នាក់បញ្ជាក់ថា សហរដ្ឋអាម៉េរិកបើកចំហសម្រាប់អាជីវកម្ម ប្រសិនបើអ៊ីរ៉ង់ចង់ទាក់ទងរកស៊ីជាមួយរដ្ឋធានីវ៉ាស៊ីនតោន ខណៈសហរដ្ឋអាម៉េរិកនៅតែបន្តសង្កត់-ក រដ្ឋធានីតេហេរ៉ង់ ជុំវិញការបង្ក្រាបយ៉ាងបង្ហូរឈាមរបស់រដ្ឋាភិបាលលើក្រុមបាតុករ៕





