កម្ពុជាប្រកាសចំពោះមុខអង្គការសហប្រជាជាតិ ការប្រើប្រាស់កម្លាំងប្រឆាំងនឹងទឹកដីរបស់ប្រទេសផ្សេង គឺរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ កំលុងពេលធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា(អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានលើកឡើងពីទង្វើចំនួន២ ដែលត្រូវបានចាត់ទុកជា[ការរំលោភបំពាន]លើច្បាប់អន្តរជាតិ ដូចជាការប្រើកម្លាំង និងការបំពានទៅលើជនស៊ីវិលស្លូតត្រង់ជាដើម...។

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម  
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម  

សេចក្តីថ្លែងការណ៍ ធ្វើឡើងកាលពីថ្ងៃទី២៦មករា ឆ្នាំ២០២៦ ស្តីពី«ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម» នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ លោក កែវ ឈា បានលើកឡើងចំពោះក្រុមប្រឹក្សាអង្គការសហប្រជាជាតិទាំងអស់ថា ការហាមឃាត់ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាការរំលោភបំពានច្បាប់អន្តរជាតិ។ លោកបន្តទៀតថា អំពើរំលោភបំពានទៅលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ក៏ត្រូវបានចាត់ទុកជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិដែរ។ «ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាន​នៃនីតិរដ្ឋអន្តរជាតិ»

លោកសង្តត់ធ្ងន់ថា៖«ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេស ការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក»។ គួរឱ្យដឹងដែរថា ការលើកឡើងរបស់ លោក កែវ ឈា ធ្វើឡើងស្របពេលកម្ពុជាកំពុងរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាប្រទេសថៃ។ ទោះបីបទឈប់បាញ់រវាងប្រទេសទាំងពីរ ត្រូវបានចូលជាធរមានតាំងពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ប៉ុន្តែយោធាថៃនៅតែបន្តចូលមកកាន់កាប់ទឹកដី និងលំនៅឋានរបស់ពលរដ្ឋកម្ពុជា ដែលធ្វើឱ្យពលរដ្ឋខ្មែរមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន៕

សកម្មភាពយោធាថៃ ចូលមកវាយបំផ្លាញផ្ទះពលរដ្ឋកម្ពុជាក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
សកម្មភាពយោធាថៃ ចូលមកវាយបំផ្លាញផ្ទះពលរដ្ឋកម្ពុជាក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
សកម្មភាពយោធាថៃ ចូលមកដាក់ទូរកុងទឺន័រក្នុងទឹកដីកម្ពុជា
សកម្មភាពយោធាថៃ ចូលមកដាក់ទូរកុងទឺន័រក្នុងទឹកដីកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត