រាជធានីភ្នំពេញ៖ អង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស (NPA) នៅព្រឹកថ្ងៃអង្គារទី២៧មករា ឆ្នាំ២០២៦ នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអាជ្ញាធរមីន លើការងារអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីននៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមីន...។

អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក ហេនស៍ ភីធើ រ៉ាសសើរ (Hans Peter Risser) នាយកប្រចាំប្រទេសនៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស (NPA)។ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខក្នុងភាពជាដៃគូរវាងកម្ពុជា និងន័រវេស្ស ផ្តោតលើការអភិវឌ្ឍសមត្ថភាពក្នុងការបោសម្អាតមីន ខណៈកម្ពុជានឹងបន្តដឹកនាំកម្មវិធីសកម្មភាពមីនជាមួយប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ លោកគូសបញ្ជាក់ថា៖«ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រងហានិភ័យដែលនៅសេសសល់ ដោយធានាថា សហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច»។

លោកអះអាងថា អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួលបច្ចេកទេស ដែលនឹងជួយគាំទ្រដល់ការធ្វើផែនការ ការផ្ដល់អាទិភាព និងគណនេយ្យភាពទូទាំងវិស័យប្រកបដោយប្រសិទ្ធភាព។ បើតាម លោក លី ធុជ រដ្ឋាភិបាល និងប្រជាជនន័រវេស្ស បានចូលរួមគាំទ្រដល់ដំណើរស្វែងរកសន្តិភាព ការផ្ដល់សុវត្ថិភាព និងការអភិវឌ្ឍនៅកម្ពុជា អស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ ដោយរួមមាន៖ ការគាំទ្រវិស័យសកម្មភាពមីនមនុស្សធម៌ គាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាតមីន ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម៕

