រាជធានីភ្នំពេញ៖ រឿងរ៉ាវអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ គំរាមទះកំភ្លៀងពលរដ្ឋលើដងផ្លូវ កំពុងបង្កឱ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មហាជននៅលើបណ្ដាញសង្គម នោះក៏ព្រោះតែការប្រើពាក្យសម្តីរបស់លោកមន្ត្រី ត្រូវបានគេមើលឃើញថា ជាការប្រើប្រាស់អំណាចមិនសមរម្យ និងខ្វះសីលធម៌ក្នុងនាមជាមន្ត្រីរាជការសាធារណៈ។ យ៉ាងណា ថ្មីៗនេះ មានលេចធ្លាយដំណឹងមកថា អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហាររូបនោះ ក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ...។

តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា ដន មុន្នីរ័ត្ន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានបង្ហោះវីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាពចំនួនពីរ ដែលបង្ហាញពីសកម្មភាពរថយន្ត Ford Ranger មួយពាក់ស្លាកលេខរដ្ឋ-១៩ បើកបរតាមបណ្ដោយផ្លូវខាងជើងភ្នំត្បែង ខេត្តព្រះវិហារ កំលុងពេលធ្វើដំណើរស្របទិសគ្នា បានបត់មិនប្រយ័ត្នបិះនិងបង្កគ្រោះថ្នាក់ចរាចរណ៍។ យ៉ាងណា ភ្លាមនោះម្ចាស់រថយន្តស្លាកលេខរដ្ឋ មិនព្រមទទួលស្គាល់កំហុស បែរជាប្រកែកគ្នាតឹងសរសៃ-ក និងបានគំរាមទះកំភ្លៀងភាគីរថយន្តម្ខាងទៀតផងដែរ។ មិនបានប៉ុន្មានម៉ោងផង វីដេអូឃ្លីបនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយគ្នាបន្តពីម្នាក់ទៅម្នាក់ និងទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញទង្វើកោងកាចរបស់ម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋ ហើយក្រោយមក ត្រូវបានគេស្គាល់ថា ជាអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ឈ្មោះ មាស ញឹម។

ក្រៅពីបង្ហាញអត្តសញ្ញាណមន្រ្តីអសីលធម៌រូបនោះហើយ អ្នកប្រើប្រាស់បណ្ដាញសង្គមបានទម្លាយប្រវត្តិបុគ្គលឈ្មោះ មាស ញឹម នោះផងដែរថា ពោលគឺកាលពីកំលុងឆ្នាំ២០១២ លោក មាស ញឹម កាលនៅជាអនុប្រធាននាយកដ្ឋានដែនជម្រកសត្វព្រៃស្នួលក្រចេះ-មណ្ឌលគិរី ធ្លាប់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស ហើយក៏ត្រូវតុលាការដាក់ទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំផងដែរ ក្រោយជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តក្រចេះ។ ជុំវិញដំណឹងលេចធ្លាយខាងលើ ការីនិពន្ធព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែមករានេះដែរ ដោយលោកមិនធ្វើអត្ថាធិប្បាយអ្វីឡើយ តែលោកបានបញ្ជាក់លើករណីជម្លោះរឿងចរាចរណ៍ថា ថ្នាក់លើកំពុងពិនិត្យមើលអង្គហេតុរឿង និងស៊ើបអង្កេតករណីនេះហើយ។

ជុំវិញរឿងជម្លោះពាក្យសម្តីនៃបញ្ហាបើកបរលើទ្រូងផ្លូវដែលបានបែកធ្លាយលើបណ្តាញសង្គម អ្នកនាំពាក្យក្រសួងបរិស្ថាន គូសបញ្ជាក់ថា ផ្តើមចេញពីការមិនចេះអធ្យាស្រ័យគ្នា និងមិនគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ទើបបង្កជាជម្លោះកើតឡើងបែបនេះ។ តែយ៉ាងណា រឿងហេតុខាងលើត្រូវបានថ្នាក់ដឹកនាំក្រសួងជ្រាប និងកំពុងតាមដានយ៉ាងយកចិត្តដាក់បំផុត។ ជាមួយគ្នាផងដែរ លោក ខ្វៃ អាទិត្យា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ និងមានការអធ្យាស្រ័យ យោគយល់គ្នាខ្ពស់ ទើបការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ អាចសម្រេចទៅបាន...៕



