រាជធានីភ្នំពេញ៖ ជំងឺមិនឆ្លងនៅតែជាមូលហេតុចម្បងនៃការស្លាប់ និងរងពិការភាពរបស់ប្រជាជនកម្ពុជា។ ឆ្នាំ២០២៥ ចំនួនអ្នកកើតជំងឺមិនឆ្លងដូចជា៖ ទឹកនោមផ្អែម មហារីក និងលើសសម្ពាធឈាម ដែលបានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់…។

លោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលបានទៅពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម នៅមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួនជាង២៩ម៉ឺន២ពាន់ករណី (សម្រាកពេទ្យ១៨៤២៩នាក់) កើនឡើង២៦,៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក សម្រាប់អ្នកជំងឺមហារីក បានទៅទទួលសេវាព្យាបាល ចំនួនជាង៣៥៩០០នាក់ កើនឡើង១៣,៩ភាគរយ ធៀបនឹងឆ្នាំ២០២៤ ហើយក្នុងចំណោមអ្នកដែលបានទៅព្យាបាលមាន១៥៥នាក់បានស្លាប់ ដោយសារជំងឺមហារីក។

ក្នុងរយៈពេលដូចគ្នា អ្នកជំងឺលើសសម្ពាធឈាម បានទៅព្យាបាលនៅមន្ទីរពេទ្យមានចំនួនជាង៤៥ម៉ឺន១ពាន់ករណី កើនឡើង១២,២០ភាគរយ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួនជាង៤ម៉ឺននាក់ កើនឡើង១៩,១៧ភាគរយ។ ពាក់ព័ន្ធនឹងជំងឺបេះដូងសរសៃឈាម វិញ អ្នកជំងឺជាង១ម៉ឺន៥ពាន់នាក់ បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺជាង២ម៉ឺន៥ពាន់នាក់ បានសម្រេចចិត្តសម្រាកព្យាបាល ក្នុងនោះអ្នកជំងឺ១០៩១នាក់បានស្លាប់ ដោយសារជំងឺនេះ។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺមិនឆ្លងចម្បងៗដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីក។ល។ ជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពរបស់ប្រជាជនកម្ពុជា។ ជំងឺមិនឆ្លង ជាជំងឺដែលវិវឌ្ឍខ្លួនយ៉ាងស្ងាត់នៅក្នុងខ្លួនប្រាណយើង ដោយមិនបង្ហាញរោគសញ្ញាអ្វីដែលគួរកត់សម្គាល់បានលឿននោះទេ ដូច្នេះ បើចាំរហូតទាល់តែលេចឡើងនូវសញ្ញាហើយនោះ វាអាចនឹងហួសពេល និងព្យាបាលមិនជា ជាក់ស្តែង ដូចជំងឺមហារីកជាដើម។ ដូច្នេះ ទើបទាមទារឱ្យប្រជាពលរដ្ឋ គួរតែទៅត្រួតពិនិត្យសុខភាពជាប្រចាំ ព្រោះជំងឺមិនឆ្លងនេះ អាចបង្ការបាន៕


