កម្ពុជាបង្ក្រាបក្រុមចាប់ជំរិតមនុស្សចេញពីព្រលានយន្តហោះអន្តរជាតិតេជោ ដែលបានលក់បន្តឱ្យក្រុមហ៊ុនអនឡាញខុសច្បាប់
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជា បន្តចាប់ខ្លួនជនជាតិចិន និងជនជាតិនេប៉ាល់ មួយក្រុមមានគ្នា៨នាក់ ក្រោយស៊ើបអង្កេតឃើញពាក់ព័ន្ធករណីចាប់ជំរិតជនបរទេសដូចគ្នាចេញពីព្រលានយន្តហោះអន្តរជាតិតេជោ បង្ខាំងក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជំរិតទារប្រាក់...។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា បញ្ចេញព័ត៌មាននៅយប់ថ្ងៃទី២៦មករា ឆ្នាំ២០២៦ ថា ក្រុមជនសង្ស័យទាំង៨នាក់មានជនជាតិនេប៉ាល់ចំនួន៥នាក់ និងជនជាតិចិនចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ចាប់បានជាបន្តបន្ទាប់។ ក្រោយចាប់ខ្លួន ក្រុមជនសង្ស័យសុទ្ធតែបានឆ្លើយសារភាពពីទង្វើរបស់ពួកគេថា កាលពីថ្ងៃទី១៦មករា ជនជាតិចិនម្នាក់ក្នុងចំណោមគ្នាគេ៨នាក់ឈ្មោះ តេង ឆៅ (Deng Chao) បានទៅចាប់ជនរងគ្រោះជនជាតិចិនឈ្មោះ ហ្ស៊ូ ហ្សឺលីន (ZHU XUELIN) អាយុ២៨ឆ្នាំ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ រួចយកទៅឃុំទុកក្នុងផ្ទះវីឡាមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះជនជាតិចិននោះ ត្រូវក្រុមជនសង្ស័យបង្ខាំងរយៈពេល៤ថ្ងៃ ដើម្បីជំរិតទារប្រាក់ចំនួន៥ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង។ ប៉ុន្តែក្រោយទទួលបានលុយ ក្រុមជនសង្ស័យមិនអស់ល្បិច ក៏លក់ជនរងគ្រោះបន្តទៅឱ្យក្រុមហ៊ុនអនឡាញខុសច្បាប់នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ ទោះយ៉ាងណា ជនរងគ្រោះត្រូវបានអាជ្ញាធរកម្ពុជា​ រំដោះបានពីក្រុមហ៊ុនអនឡាញ ត្រឹមរយៈពេល១ថ្ងៃក្រោយពេលជនសង្ស័យលក់ទៅ គឺនៅថ្ងៃទី២១មករា។ សូមរំឭកថា របាយការណ៍ពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល៧ខែចុងក្រោយ សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនសង្ស័យជាង៥ពាន់នាក់ ក្នុងនោះមាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញជាង៤ពាន់នាក់ ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ដោយឡែក បើគិតត្រឹមថ្ងៃទី១ រហូតដល់ថ្ងៃទី២២មករា ឆ្នាំ២០២៦វិញ កម្ពុជាបានបណ្តេញជនបរទេសសរុបចំនួន១៦២០នាក់ចេញពីប្រទេស ជនបរទេសទាំងនោះមានសញ្ជាតិ វៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងភូមា ឬមីយ៉ាន់ម៉ា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត