កម្ពុជាចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពរបស់អាម៉េរិក មិនបង់ប្រាក់១ពាន់លានដុល្លារនោះទេ
Mao Sopha
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជាសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះជាភាពជាក់លាក់ និងជាព័ត៌មានបន្ថែម ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បង្ហោះលើគណនីហ្វេសប៊ុក នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ 

ប្រមុខរាជរដ្ឋាភិបាល ពន្យល់ដោយផ្អែកលើគោលការណ៍នៃក្រុមប្រឹក្សាសន្តិភាពនេះថា៖«ការចូលរួមជាសមាជិកស្ថាបនិក..សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា១ពាន់លានដុល្លារអាម៉េរិកនោះ គឺសម្រាប់ករណីចូលជាសមាជិកអចិន្ត្រៃយ៍ដែលមានរយៈពេលវែងតែប៉ុណ្ណោះ»។ 

ទង់ជាតិកម្ពុជា និងទង់ជាត់អាម៉េរិក
ទង់ជាតិកម្ពុជា និងទង់ជាត់អាម៉េរិក

សម្តេចនាយករដ្ឋមន្រ្តី បន្តថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងការរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសាកល។ មេដឹកនាំកម្ពុជា បន្ថែមថា ការរួមចំណែកដល់ការកសាង និងការរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។

លោក ត្រាំ ប្រកាស និងស៊ីញេដាក់ឱ្យដំណើរការក្រុមប្រឹក្សាសន្តិភាព។ 
លោក ត្រាំ ប្រកាស និងស៊ីញេដាក់ឱ្យដំណើរការក្រុមប្រឹក្សាសន្តិភាព។ 

លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំនានាលើពិភពលោក ដោយក្នុងនោះ ក៏មានមេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ដើម្បីស្នើឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពទើបនឹងបង្កើតឡើង។ មេដឹកនាំខ្លះ យល់ព្រម ខណៈមេដឹកនាំខ្លះទៀត ស្ទាក់ស្ទើរមិនទាន់សម្រេចចិត្ត។ ពេលទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស លោក ត្រាំ ក៏រៀបចំពិធីនៅថ្ងៃ២២មករា ដាក់សម្ពោធ និងប្រកាសដាក់ឱ្យក្រុមប្រឹក្សាសន្តិភាពដែលលោកផ្ទាល់ជាប្រធាន ចាប់ផ្តើមដំណើរការជាផ្លូវការ។   

ទង់ជាតិប្រទេសនានាលើពិភពលោក។
ទង់ជាតិប្រទេសនានាលើពិភពលោក។

សម្តេច បានប្រកាសប្រាប់លោក សាំយូអែល ផាផារ៉ូ (Samuel Paparo) មេបញ្ជាការអាម៉េរិកទទួលបន្ទុកដឹកនាំបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក រួចម្តងហើយ អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព។ តែដោយសារប្រជាជនកម្ពុជាមួយចំនួន នៅស្រពេចស្រពិលថា កម្ពុជា ត្រូវបង់ប្រាក់១ពាន់លានដុល្លារ ឬអត់នោះ សម្តេចក៏បង្ហោះសារលើបណ្តាញសង្គមបញ្ជាក់បន្ថែម ដើម្បីឱ្យច្បាស់ពីរឿងនេះ។

មេទ័ពអាម៉េរិក លោក ផាផារ៉ូ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តេច នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃ២៦មករា ស្រពពេលនាវាចម្បាំងខ្នាតធំអាម៉េរិកឈ្មោះ USS CINCINNATI (យូអេសអេស ស៊ីនស៊ីនណាធី) ក៏កំពុងបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ទរាមកម្ពុជាដែរ។ លោកមេបញ្ជាការ សម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ លោកមេបញ្ជាការ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ទរាមនាពេលនេះ ដោយលោកចាត់ទុកថា ជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២។

នាវាចម្បាំងខ្នាធំរបស់អាម៉េរិក ឈ្មោះ USS CINCINNATI មកដល់កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។  
នាវាចម្បាំងខ្នាធំរបស់អាម៉េរិក ឈ្មោះ USS CINCINNATI មកដល់កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។  

គំនិតស្របគ្នា! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យយោធារវាងប្រទេសទាំង២នាពេលកន្លងមក ហើយសម្តេចបានរំលេចថា ការចូលចតនាវាចម្បាំងអាម៉េរិកនៅកម្ពុជានាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចនាយករដ្ឋមន្រ្តី បង្ហាញជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំង២ នឹងត្រូវបានបន្តពង្រឹងបន្ថែមទៀត។

ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកមេបញ្ជាការ ផាផារ៉ូ។ 
ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកមេបញ្ជាការ ផាផារ៉ូ។ 

មេដឹកនាំកម្ពុជា មិនភ្លេចអរគុណទៅដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ដែលជួយជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានចូលរួមធ្វើជាសាក្សីដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរាជធានីគូឡាឡាំពួ ឬកិច្ចព្រមព្រៀមសន្តិភាពរវាងប្រទេស២ នៅប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។

ពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅរាជធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ 
ពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅរាជធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ 

សម្តេចនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនមន្រ្តីយោធាអាម៉េរិកផងដែរ អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរាជធានីគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន។ សម្តេច ថែមទាំងបង្ហាញជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបានព្រំដែនសន្ដិភាព និងយូរអង្វែងជាមួយគ្នា។

រូបបង្ហាញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ 
រូបបង្ហាញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ 

លោកមេបញ្ជាការ ផាផារ៉ូ ជម្រាបសម្តេចវិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តសេចក្ដីថ្លែងការណ៍រួមរាជធានីគូឡាឡាំពួ។ បន្ថែមពីនេះ លោក អះអាងថា អាម៉េរិកបន្តគាំទ្រយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគាំទ្រការពន្លឿនដំណើរការគណៈកម្មការកិច្ចការព្រំដដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែននៃប្រទេសទាំង២៕  

ក្រុមអ្នកសង្កេតការណ៍អាស៊ានខាងកម្ពុជា ចុះពិនិត្យមើលស្ថានភាពខូចខាតរបស់កម្ពុជាតាមព្រំដែន ដោយសារថៃវាយប្រហារ។ 
ក្រុមអ្នកសង្កេតការណ៍អាស៊ានខាងកម្ពុជា ចុះពិនិត្យមើលស្ថានភាពខូចខាតរបស់កម្ពុជាតាមព្រំដែន ដោយសារថៃវាយប្រហារ។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត