រាជធានីភ្នំពេញ៖ ចូល ឬមិនចូល? នេះជាចម្ងល់របស់ប្រជាជនកម្ពុជា ដែលចង់ដឹងចម្លើយយ៉ាងខ្លាំង។ ចម្លើយចេញមកហើយ គឺកម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទើបនឹងបង្កើតឡើង ធ្វើឱ្យផ្អើលពេញពិភពលោក។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញការសម្រេចចិត្តនេះ ក្នុងជំនួបជាមួយលោក សាំយូអែល ផាផារ៉ូ (Samuel Paparo) មេបញ្ជាការអាម៉េរិកទទួលបន្ទុកដឹកនាំបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែមករា ២០២៦នេះ។

«កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដើម្បីបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសាកល» នេះជាការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ទៅកាន់មេបញ្ជាការអាម៉េរិក ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុកសម្តេច ដើម្បីឱ្យជនរួមជាតិបានដឹង។ យ៉ាងណា ទំព័រហ្វេសប៊ុកសម្តេច ពុំបានបញ្ជាក់លម្អិតឡើយថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់អាម៉េរិក ក្នុងឋានៈជាសមាជិកធម្មតា ឬសមាជិកអចិន្រ្តៃយ៍។

ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយអង្គភាពយើងខ្ញុំ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនទាន់អាចធ្វើអត្ថាធិប្បាយបន្ថែមនោះទេថា កម្ពុជា នឹងចូលជាសមាជិកធម្មតា ឬសមាជិកអចិន្រ្តយ៍ ព្រោះលោកក៏មិនទាន់ទទួលបានព័ត៌មាននេះដែរ។ យោងតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព សមាជិកធម្មតា នឹងមានអាណត្តិរយៈពេល៣ឆ្នាំ ហើយក្រោយមកនឹងត្រូវចាកចេញវិញ ចំណែកសមាជិកអចិន្រ្តៃយ៍ នឹងត្រូវមានវត្តមានរហូត តែត្រូវបង់ថវិកាវិភាគទាន១ពាន់លានដុល្លារ។

លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំនានាលើពិភពលោក ដោយក្នុងនោះ ក៏មានមេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ មេដឹកនាំខ្លះ យល់ព្រម មេដឹកនាំបដិសេធ មេដឹកនាំខ្លះ ស្ទាក់ស្ទើរមិនទាន់សម្រេចចិត្ត។ ពេលទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោក ត្រាំ ក៏រៀបចំពិធីនៅទីនោះ ក្នុងថ្ងៃ២២មករា ដើម្បីសម្ពោធ និងប្រកាសដាក់ឱ្យក្រុមប្រឹក្សាសន្តិភាពរបស់លោកចាប់ផ្តើមដំណើរការជាផ្លូវការ។

ក្នុងជំនួបជាមួយសម្តេចធិបតី លោកមេបញ្ជាការ ផាផារ៉ូ សម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ លោក បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ទរាមនាពេលនេះ ដោយលោកមេបញ្ជាការចាត់ទុកថាជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២។

គំនិតស្របគ្នា! សម្តេចនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យយោធារវាងប្រទេសទាំង២នាពេលកន្លងមក ហើយសម្តេចបានរំលេចថា ការចូលចតនាវាចម្បាំងអាម៉េរិកនៅកម្ពុជានាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេច បង្ហាញជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំង២ នឹងត្រូវបានបន្តពង្រឹងបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនភ្លេចអរគុណនោះទេ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានចូលរួមធ្វើជាសាក្សីដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរាជធានីគូឡាឡាំពួ ឬកិច្ចព្រមព្រៀមសន្តិភាពរវាងប្រទេស២ នៅប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។

មេដឹកនាំកម្ពុជា ក៏បានជម្រាបជូនមន្រ្តីយោធាអាម៉េរិកផងដែរ អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរាជធានីគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន។ សម្តេច ថែមទាំងបង្ហាញជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបានព្រំដែនសន្ដិភាព និងយូរអង្វែងជាមួយគ្នា។

លោកមេបញ្ជាការ ផាផារ៉ូ ជម្រាបសម្តេចវិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តសេចក្ដីថ្លែងការណ៍រួមរាជធានីគូឡាឡាំពួ។ បន្ថែមពីនេះ លោក អះអាងថា អាម៉េរិកបន្តគាំទ្រយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគាំទ្រការពន្លឿនដំណើរការគណៈកម្មការកិច្ចការព្រំដដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែននៃប្រទេសទាំង២៕
