រាជធានីភ្នំពេញ៖ តម្លៃមាសលើទីផ្សារអន្តរជាតិ បានហក់ឡើងដល់តម្លៃ៥១០០ដុល្លារ/អោន ឬ៦១៥០ដុល្លារក្នុង១តម្លឹង។ នេះជាតម្លៃមួយខ្ពស់កប់ពពកក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាការបំបែកកំណត់ត្រាប្រចាំឆ្នាំដ៏ធំបំផុត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦…។

មានកត្តាជាច្រើនដែលរុញតម្លៃមាសឱ្យកើនឡើងជាបន្តបន្ទាប់ ហើយបើកត្តាទាំងនោះមិនត្រូវបានដោះស្រាយ អ្នកជំនាញព្យាករថា តម្លៃមាសអាចនឹងហក់ឡើងខ្ពស់បន្តទៀតដល់ចន្លោះ៦៨០០-៧៥០០ដុល្លារក្នុង១តម្លឹង ក្នុងឆ្នាំ២០២៦។ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី២៦មករានេះ លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ បានឱ្យដឹងថា មានកត្តាច្រើនរុញតម្លៃមាសឱ្យកើនឡើង ក្នុងនោះមានទាំងកត្តាភូមិសាស្ត្រនយោបាយ បញ្ហារុស្ស៊ី-អ៊ុយក្រែន និងប្រទេសផ្សេងទៀត ដែលកំពុងធ្វើឱ្យវិនិយោគិនធំៗក្នុងពិភពលោក មានការព្រួយបារម្ភ មិនហ៊ានបើកក្រុមហ៊ុនថ្មី មិនហ៊ានប្រថុយប្រថានក្នុងការដាក់ទុនរកស៊ីច្រើន បូករួមទាំងសំពាធពន្ធពីសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសផ្សេងៗ។ យ៉ាងណាក៏ដោយ អ្នកវិនិយោគបានងាកយកទុនបម្រុងរបស់ខ្លួនទៅវិនិយោគលើមាស ដែលពួកគេគិតថា ជាការដាក់ទុនមានសុវត្ថិភាព ក្នុងកាលៈទេសៈនេះ ទើបធ្វើឱ្យតម្រូវការមាសមានការកើនឡើង ហើយតម្លៃមាស បានស្ទុះឡើងខ្ពស់កប់ពពក។

តើតម្លៃមាសនឹងបន្តកើនឡើងទៀត ឬធ្លាក់ចុះទៅវិញ? អ្នកជំនាញរូបនេះ លើកឡើងថា បើគិតទៅលើការវិភាគតាមបច្ចេកទេស បូករួមទាំងព័ត៌មានសេដ្ឋកិច្ចមិនល្អនៅសហរដ្ឋអាម៉េរិក ក្នុងអណត្តិរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ តម្លៃមាសនឹងបន្តកើនឡើងទៀត។ លោកបញ្ជាក់ថា បើសិនស្ថានភាពពិភពលោកនៅបន្តដូចសព្វថ្ងៃ ក្នុងឆ្នាំ២០២៦នេះ មាសអាចនឹងឡើងថ្លៃដល់ចន្លោះពី ៦៨០០-៧៥០០ដុល្លារក្នុង១តម្លឹង។ លោកថា មានកត្តាតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យតម្លៃមាសអាចធ្លាក់ចុះវិញបាន ហើយមួយក្នុងចំណោមនោះ គឺពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ។ មានន័យថា បើសិនមានប្រទេសជាច្រើន រួមទាំងប្រទេសធំៗដូចជា៖ រុស្ស៊ី ចិន ព្រមមកជុំគ្នា ចុះកិច្ចសន្យាជាផ្លូវការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព នោះតម្លៃហាងឆេងមាសនឹងធ្លាក់ចុះ។

ស្របពេលតម្លៃមាសកំពុងស្ទុះឡើងយ៉ាងគំហុក តើយើងគួរវិនិយោគលើការទិញ-លក់មាសបែបណា ដើម្បីបានផលចំណេញ? ចំណុចនេះ លោក ឡុង សំណាង មានប្រសាសន៍ថា សម្រាប់អ្នកទិញមាសដែលមានកញ្ចប់ថវិកា១០០ភាគរយ គួរទិញត្រឹម៣០-៥០ភាគរយសិន ទុក៥០-៧០ភាគរយទៀត រង់ចាំពេលតម្លៃហាងឆេងមាសធ្លាក់ចុះមកវិញ។ ដោយឡែក សម្រាប់អ្នកដែលទើបទិញមាសថ្មីៗ ប៉ុន្តែមានតម្រូវការលក់ លោកលើកទឹកចិត្តឱ្យផ្អឹបមាសទុកយកផលចំណេញឱ្យបានច្រើនបន្តិចសិន ចាំលក់ ហើយបើលក់គួរលក់ពាក់កណ្ដាលសិននៃមាសដែលខ្លួនមាន។ លោកសង្កត់ធ្ងន់ថា មាសកាន់តែទុកយូរ កាន់តែទទួលបានផលចំណេញ។ គិតត្រឹមរសៀលថ្ងៃទី២៦មករា ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសលើទីផ្សារក្នុងរាជធានីភ្នំពេញ សម្រាប់មាសគីឡូដុំ លក់ចេញតម្លៃ៦១៤០ដុល្លារក្នុង១តម្លឹង ចំណែកមាសគីឡូគ្រឿង លក់ចេញតម្លៃ៥៩៥០ដុល្លារក្នុង១តម្លឹង៕


