
មាស គឺជាវត្ថុដ៏មានតម្លៃ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន មាស ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យ វប្បធម៌ សេដ្ឋកិច្ច នៃជីវភាពរស់នៅរបស់មនុស្សជាតិ។ ដោយហេតុថាវាជារបស់កម្រ និងមានតម្លៃថ្លៃ ដូច្នេះការរុករក និងកែច្នៃក៏មិនមែនជារឿងងាយស្រួលនោះឡើយ ដោយត្រូវឆ្លងកាត់ដំណើរការស្មុគស្មាញជាច្រើនដំណាក់កាល។ ខាងក្រោយនេះគឺជាដំណាក់កាលនីមួយៗ នៃការរុករក និងចម្រាញ់រ៉ែមាស ដែលលោកអ្នកគួរឈ្វេងយល់៖
ជំហានទី១៖ ការរុករក
ការរុករករ៉ែមាសមានការលំបាក និងស្មុគស្មាញ។ វាទាមទារពេលវេលាច្រើន ធនធានហិរញ្ញវត្ថុ និងជំនាញក្នុងមុខវិជ្ជាជាច្រើន។ ឧទាហរណ៍ដូចជាជំនាញទីតាំងភូមិសាស្ត្រ គីមីវិទ្យា វិស្វកម្ម បច្ចេកទេសភូគព្ភសាស្ត្រ ដែលត្រូវបានប្រើដើម្បីកំណត់វត្តមានរបស់កំណករ៉ែដែលកប់។ ភូគព្ភវិទូធ្វើសមយុទ្ធដើម្បីពិនិត្យគុណភាពរ៉ែក្នុងទីតាំងដែលបានកំណត់ជាដើម។

ជំហានទី២៖ ការសាងសង់
ក្រោយពីធ្វើការរុករក និងកំណត់ទីតាំងដែលមានរ៉ែរួចហើយ ទីតាំងអណ្តូងរ៉ែនឹងត្រូវបានរៀបចំសម្រាប់ការអភិវឌ្ឍ។ សំណង់បែបបច្ចេកទេសផ្សេងៗក្នុងការខួងយករ៉ែ នឹងត្រូវសាងសង់ ដើម្បីដឹកជញ្ជូនមនុស្ស សម្ភារៈ ចូលនិងចេញពីអណ្តូងរ៉ែ។ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការផ្សេងទៀតរួមមានរចនាសម្ព័ន្ធសម្រាប់ការជីកយករ៉ែ ការកិន ដំណើរការកែច្នៃ និងផ្សេងៗទៀត។

ជំហានទី ៣៖ ចូលទៅក្រោមដី
អ្នកជីករ៉ែ សម្ភារៈ និងឧបករណ៍រុករករ៉ែត្រូវបានដឹកជញ្ជូនចូលយ៉ាងជ្រៅនៅក្រោមដីតាមរយៈ ទ្រុងអណ្តូងរ៉ែ ឬជណ្ដើរយន្តនៅក្នុងអ័ក្សបញ្ឈរ ដែលអាចចូលទៅជម្រៅរហូតដល់ ៣.៥ គីឡូម៉ែត្រពីក្រោមផ្ទៃ។ នេះជាបច្ចេកទេសជីកយករ៉ែដែលជីកលើផ្ទៃដើម្បីទាញយករ៉ែ។ អណ្តូងរ៉ែត្រូវបានបើកចំហលើផ្ទៃសម្រាប់រយៈពេលនៃជីវិតរបស់វា ឬមានន័យថា រហូតដល់រ៉ែនោះត្រូវបានយកចេញអស់។

ជំហានទី៤៖ ការធ្វើផែនការ (ក្រោមដី)
ការធ្វើផែនការអណ្តូងរ៉ែ និងការអភិវឌ្ឍលើថ្មរ៉ែមាស គឺពាក់ព័ន្ធនឹងការបង្កើតផ្លូវរូងក្រោមដី – ការដឹកជញ្ជូន និងផ្លូវកាត់ – បើកមុខកាត់ និងមុខចំណតនៅក្រោមដី ដើម្បីអាចចូលទៅដល់រ៉ែមាសបាន។

ជំហានទី៥៖ ការខួង
ក្រោយបញ្ចប់ដំណើរការទី៤ ហើយនោះ គឺមានន័យថាគេបានរកឃើញនឹងកំណត់ពីថ្មរ៉ែដែលមានផ្ទុកសារធាតុមាសបានហើយ។ បន្តមកទៀតគេនឹងចាប់ផ្ដើមខួងនិងរៀបចំសម្រាប់ការបំផ្ទុះថ្មនោះឱ្យបែកជាដុំតូចៗ។

ជំហានទី៦៖ ការដឹកជញ្ជូន
បន្ទាប់ពីបំផ្ទុះបានហើយ រ៉ែត្រូវបានលើកដាក់លើសម្ភារដឹកជញ្ជូន ទៅកាន់សៀគ្វីកម្ទេច និងកិន ដែលជាដំណើរការទាញយកមាសសុទ្ធចេញពីថ្មរ៉ែ។

ជំហានទី៧៖ កម្ទេច
បំណែករ៉ែធំៗ (ថ្មដែលបាក់) ត្រូវបានបញ្ចូលទៅក្នុងម៉ាស៊ីនកិន និងកិនជាបន្តបន្ទាប់ ដើម្បីបំបែករ៉ែទៅជាថ្មដែលមានទំហំតូចជាង ដើម្បីឱ្យមាសអាចទាញយកបានយ៉ាងងាយស្រួល។ នៅដំណាក់កាលនៃដំណើរការនេះ រ៉ែត្រូវបានកិនទៅជាភាគល្អិតល្អដូចខ្សាច់។

ជំហានទី៨៖ ដំណើរការទាញយកមាសពីរ៉ែ
ភាគល្អិតដូចខ្សាច់ទាំងនេះត្រូវបានផ្សំជាមួយនឹងទឹកដើម្បីបង្កើតជាសារធាតុរអិល រួមនឹងបន្ថែមសារធាតុគីមីបន្ថែមទៀតគឺ ស៊ីយ៉ាន និងកាបូន ដែលត្រូវបានបញ្ចូលដើម្បីសម្រួលដល់ការរំលាយមាស និងជួយដល់ការទាញយកមាសចេញ។ ភាគល្អិតមាសដែលស្រង់ចេញក្នុងដំណើរការនេះ ភ្ជាប់ខ្លួនទៅនឹងកាបូន។ ជំហានបន្ទាប់នៅក្នុងដំណើរការ គឺពាក់ព័ន្ធនឹងការដកកាបូនចេញពីមាស។

ជំហានទី៩៖ ការរលាយ
មាសដែលទទួលបាននៅពេលដែលកាបូនត្រូវបានដកចេញត្រូវបានគេបញ្ជូនកម្តៅនៅសីតុណ្ហភាពខ្លាំងដើម្បីឱ្យវារាវ។

ជំហានទី១០៖ ការចម្រាញ់
មាសរាវត្រូវបានបញ្ជូនទៅរោងចក្រចម្រាញ់លោហៈ និងធ្វើដំណើរការចម្រាញ់បន្ថែម ដើម្បីទទួលបានមាសសុទ្ធ ដែលយ៉ាងហោចណាស់គឺ ៩៩.៥% ដើម្បីបំពេញតាមស្ដង់ដារគុណភាពចែកចាយ ដែលកំណត់ដោយសមាគមទីផ្សារដុំមាស។

ជំហានទី១១៖ ការបិទ និងការស្តារនីតិសម្បទា
នៅពេលដែលទុនបម្រុងមាសនៅអណ្តូងរ៉ែត្រូវបានអស់ ម្ចាស់ត្រូវបិទ និងស្តារទីតាំងឡើងវិញ។ ផ្លូវរូងក្រោមដី និងច្រកចូលត្រូវបានបិទ។ ការស្តារឡើងវិញ មានន័យថា ដំណើរការនៃការប្រគល់ដីដែលជីកយករ៉ែត្រឡប់ទៅក្នុងស្ថានភាពដើម ដែលបានព្រមព្រៀងគ្នាជាមួយរដ្ឋអំណាចមុនពេលចាប់ផ្ដើមអាជីវកម្ម។

ទោះយ៉ាងណា អ្វីដែលរៀបរាប់ទាំងនេះ គ្រាន់តែជាដំណើរការបឋម និងចំណេះដឹងបឋមខ្លះៗនៃដំណើរការរបស់រោងចក្រចម្រាញ់រ៉ែមាសប៉ុណ្ណោះ ខណៈដែលធាតុពិត ដំណាក់កាលនៃដំណើរការនេះ គឺមានភាពស្មុគស្មាញខ្លាំង ដែលយើងត្រូវឈ្វេងយល់ឱ្យច្រើនបន្ថែមទៀត៕
ប្រភព៖ miningforschools


