
រាជធានីភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២ឧសភា ឆ្នាំ២០២៥នេះ តម្លៃមាសអន្តរជាតិបន្តធ្លាក់ចុះមកនៅជាង៣២០០ដុល្លារក្នុង១អោន ឬជាង៣៩០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃខ្ពស់បំផុត៣៥០០ដុល្លារក្នុង១អោន ឬជាង៤២០០ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃទី២២មេសាកន្លងទៅ។ មិនទាន់ឈប់នៅឡើយ អ្នកជំនាញប្រឹក្សាហិរញ្ញវត្ថុ បានព្យាករថា មាសអាចនឹងបន្តធ្លាក់ថ្លៃទៀតរហូតដល់ពាក់កណ្ដាល ឬចុងខែឧសភា…។

លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ បានពន្យល់ប្រាប់ SBM News នៅព្រឹកថ្ងៃទី២ឧសភានេះថា មូលហេតុដែលធ្វើឱ្យតម្លៃមាសកំពុងឡើងខ្លាំងប្រែជាធ្លាក់ចុះវិញលឿនដូចព្យុះបែបនេះ គឺដោយសារតែភាពស្ងប់លើបញ្ហាសំពាធពន្ធ និងគោលនយោបាយរបស់ធនាគារកណ្ដាលអាម៉េរិក ខណៈមួយរយៈចុងក្រោយនេះ តម្លៃប្រាក់ដុល្លារអាម៉េរិកក៏បានកើនឡើងល្អខ្លាំង។ ភាពស្ងប់បន្តិចនៃបញ្ហាភូមិសាស្រ្តនយោបាយ និងបញ្ហារួមផ្សំមួយចំនួនទៀត ក៏ជាមូលហេតុធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះដែរ។ យ៉ាងណា កំលុងពេលនេះតម្លៃមាសអាចនឹងបន្តធ្លាក់ចុះទៀត តែនឹងអាចឡើងថ្លៃវិញនៅពាក់កណ្ដាលខែ ឬចុងខែឧសភានេះ។ នេះបើតាមលោក ឡុង សំណាង បញ្ជាក់បន្ថែម។

លោកបញ្ជាក់ដូច្នេះថា«សម្រាប់ការព្យាកររបស់ខ្ញុំ មាសនៅតែបន្តឡើង ប៉ុន្តែយើងជាអ្នកទិញគួរតែទិញក្នុងតម្លៃទាប ហើយនឹងរង់ចាំទិញវា ព្រោះដោយសារបច្ចុប្បន្ននេះខ្ញុំមើលឃើញថា តម្លៃហាងឆេងមាសនៅអាចបន្តធ្លាក់ចុះបន្តិចទៀត នៅក្នុងភាពស្ងប់នៃការដឹកនាំរបស់លោកដូណាល់ ត្រាំ។ ខ្ញុំគិតថា ប្រហែលនៅពាក់កណ្ដាល ឬចុងខែហ្នឹង មាសអាចនឹងត្រលប់ហក់ឡើងវិញ ប្រសិនបើស្ថានភាពគោលនយោបាយដឹកនាំរបស់លោកត្រាំ គាត់អាចនឹងលើកឡើងពីកត្តាអីមួយផ្សេងទៀត។ ធម្មតាពេលលើកឡើងពីបញ្ហាមួយចំនួន យ៉ាងហោចណាស់ក៏ត្រូវការពេលកន្លះខែ ឬមួយខែដែរក្នុងការកែតម្រូវនូបញ្ហាមួយចំនួន..អ៊ីចឹងពេលដែលត្រូវការពេលក្នុងការធ្វើវា ពេលនឹងហើយជាពេលមួយដែលតម្លៃហាងឆេងមាស មានការធ្លាក់ចុះមកវិញ ដោយសារប្រាក់ដុល្លារអ៊ីចឹងទៅ»។ លោកបន្ថែមថា យប់នេះតម្លៃមាសអាចនឹងមានការប្រែប្រែលខ្លាំងបន្ថែមទៀត។

តើការឡើងថ្លៃលឿន ហើយចុះវិញលឿនបែបនេះអាចបង្កផលប៉ះពាល់អ្វីដែរទេ ពិសេសទីផ្សារមាសនៅកម្ពុជា? ចុះតើពេលនេះ ពលរដ្ឋគួរតែទិញមាសទុកដែរឬទេ? អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ រូបនេះបញ្ជាក់ថា ពិតជាប៉ះពាល់ ហើយរឹតតែប៉ះពាល់ខ្លាំងសម្រាប់អ្នកដែលមិនបត់បែនតាមកាលៈទេសៈ, អ្នកមិនបានយល់ពីតម្លៃហាងឆេងមាសច្បាស់ ឬតាមដានព័ត៌មានហាងឆេងមាសមិនទាន់ ចេះតែទិញតាមគេ។ វាកាន់តែប៉ះពាល់ខ្លាំងដល់អ្នកដែលត្រូវការលុយជាចាំបាច់ ចំពេលហាងឆេងមាសធ្លាក់ចុះ ដល់ពេលនោះគាត់នឹងបង្ខំចិត្តលក់មាសទាំងខាត។ តែយ៉ាងណា លោក ឡុង សំណាង នៅតែលើកទឹកចិត្តឱ្យពលរដ្ឋទិញមាសទុកដដែល ប៉ុន្តែត្រូវរង់ចាំបន្តិចសិន មិនមែនទិញក្នុងតម្លៃកំលុងពេលនេះទេ ព្រោះលោកគិតថា មាសនឹងអាចធ្លាក់ចុះទៀតដល់តម្លៃជាង៣១៥០ដុល្លារ ក្នុង១អោន ក្នុងទីផ្សារអន្តរជាតិ។

គួរជម្រាបថា ចាប់តាំងពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងកាលពីថ្ងៃទី២០មករា ឆ្នាំ២០២៥ មាសជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត បានហក់ឡើងថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ស្ទើរតែមិនមានការថមថយសោះ។ កត្តាចម្បងដែលធ្វើឱ្យមាសហក់ឡើងថ្លៃឥតឈប់ឈរនេះ គឺដោយសារសង្គ្រាមពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក។ គួរឱ្យដឹងថា កាលពីថ្ងៃទី២២មេសា ពោលក្រោយពិធីបុណ្យចូលឆ្នាំ តម្លៃមាសបានហក់ឡើងខ្ពស់មិនធ្លាប់មានរហូតដល់ជាង៤២០០ដុល្លារអាម៉េរិកក្នុង១តម្លឹង ក្រោយមកហាងឆេងមាសបានធ្លាក់ចុះជាបន្តបន្ទាប់វិញ រហូតមកទល់ពេលនេះ បានធ្លាក់ចុះនៅសល់ត្រឹមជាង៣៩០០ដុល្លារក្នុង១តម្លឹង។ ប៉ុន្តែគេដឹងថា តម្លៃនេះនៅតែខ្ពស់ បើប្រៀបធៀបនឹងឆ្នាំមុនៗ៕



