
រាជធានីបាងកក៖ ធនាគារកណ្តាលថៃគ្រោងនឹងរឹតបន្តឹងលើការរាយការណ៍ពីការទិញដូរមាស បន្ទាប់ពីការកើនឡើងនៃរំហូរមាស បានរួមចំណែកដល់ការប្រែប្រួលនៃប្រាក់បាត...។

ទេសាភិបាលធនាគារកណ្តាលថៃ លោក វិទ័យ រតនាករ (วิทัย รัตนากร) បានឱ្យដឹងថា ធនាគារកណ្តាលកំពុងកែសម្រួលច្បាប់ដើម្បីទាមទារឱ្យមានការរាយការណ៍លម្អិតបន្ថែមទៀត អំពីការជួញដូរមាសដែលនឹងជួយឱ្យនិយតករយល់ពីផលប៉ះពាល់នៃការទូរទាត់មាសឆ្លងព្រំដែនលើរូបិយបណ្ណ។ លោក វិទ័យ បានប្រាប់អ្នកយកព័ត៌មានកាលពីចុងសប្តាហ៍ថា៖«មាសមិនត្រូវបានគ្រប់គ្រងដោយផ្ទាល់នៅក្នុងប្រទេសថៃទេ ហើយវានៅតែកំពុងត្រូវបានពិភាក្សាថាតើអ្នកណានឹងក្លាយជានិយតករ។ ប្រសិនបើអ្នកនាំចេញមាសមកកម្ពុជា ហើយទូទាត់ក្នុងរូបិយបណ្ណគ្រីបតូ នោះយើងនឹងមិនទទួលបានទិន្នន័យអ្វីទេ ដូច្នេះយើងត្រូវចាត់វិធានការបន្ថែមទៀត»។

មាសបានក្លាយជាបញ្ហាដ៏ចម្រូងចម្រាសមួយនៅដើមឆ្នាំនេះ បន្ទាប់ពីធនាគារកណ្តាលបានកំណត់ថា វាជាកត្តាមួយនៅពីក្រោយការឡើងថ្លៃយ៉ាងខ្លាំងរបស់ប្រាក់បាត។ រូបិយបណ្ណថៃ បានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៤ឆ្នាំក្នុងខែកញ្ញា ដែលប៉ះពាល់ដល់ការប្រកួតប្រជែងនៃការនាំចេញ និងទេសចរណ៍ ដែលរួមគ្នាមានប្រហែល៧០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។ ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ធនាគារកណ្តាលថៃ ដើម្បីចាត់វិធានការកាន់តែទូលំទូលាយ និងរក្សាភាពជិតស្និទ្ធនឹងសេដ្ឋកិច្ចពិតប្រាកដ។

កាលពីដើមខែនេះ ធនាគារកណ្តាល ក៏បានប្រកាសពីផែនការរឹតបន្តឹងការត្រួតពិនិត្យអន្តរការីហិរញ្ញវត្ថុ និងបង្កើនការត្រួតពិនិត្យរំហូរប្រាក់គួរឱ្យសង្ស័យ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើហានិភ័យហិរញ្ញវត្ថុ។ កាលពីខែកញ្ញា រាជរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ខ្លួនកំពុងពិចារណាដាក់ពន្ធលើការជួញដូរមាស ដើម្បីពន្យឺតការកើនឡើងនៃតម្លៃប្រាក់បាត៕



