
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្ថានភាពនៅសហរដ្ឋអាម៉េរិកកំពុងមានភាពវឹកវរយ៉ាងខ្លាំង ដោយសារតែមហាព្យុះរដូវរងាដ៏កំណាចមួយ បានចាប់ផ្ដើមបោកបក់កាត់ផ្ដាច់ចរន្តអគ្គិសនី និងធ្វើឱ្យការធ្វើដំណើរស្ទើរតែគ្រប់ច្រកល្ហកត្រូវជាប់គាំង។ គិតត្រឹមថ្ងៃសៅរ៍ ជើងហោះហើរច្រើនជាង៤ពាន់ជើង ត្រូវបានលុបចោលភ្លាមៗ ហើយអ្វីដែលកាន់តែអាក្រក់នោះគឺ ជើងហោះហើរជាង៩៤០០ជើងផ្សេងទៀតសម្រាប់ថ្ងៃអាទិត្យ ក៏ត្រូវបានប្រកាសផ្អាកជាមុនដែរ។

ក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Delta, JetBlue និងUnited កំពុងដុតដៃជើងកែសម្រួលកាលវិភាគ និងបញ្ជូនក្រុមបច្ចេកទេសទៅតាមព្រលានយន្តហោះនានា ដើម្បីធ្វើយ៉ាងណាឱ្យយន្តហោះអាចហោះហើរបានវិញ ក្នុងលក្ខខណ្ឌសុវត្ថិភាព។ ក្រៅពីបញ្ហាផ្លូវអាកាស មនុស្សជាង១សែន៦ម៉ឺននាក់ ភាគច្រើនរស់នៅក្នុងរដ្ឋតិចសាស់ និងល្វីស៊ីអាណា កំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារដាច់ចរន្តអគ្គិសនី បន្ទាប់ពីទឹកកកបានធ្លាក់មកសង្កត់លើខ្សែភ្លើងយ៉ាងធ្ងន់ធ្ងរ។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រដ្ឋាភិបាលអាម៉េរិក បានចេញបញ្ជាឱ្យប្រើប្រាស់ប្រភពអគ្គិសនីបម្រុងពីមជ្ឈមណ្ឌលទិន្នន័យ និងទីតាំងធំៗផ្សេងទៀត ដើម្បីបង្ការកុំឱ្យមានការដាច់ភ្លើងរាលដាលពេញរដ្ឋតិចសាស់។ ក្រុមអ្នកជំនាញឧតុនិយមបានព្រមានថា ព្យុះនេះនឹងនាំមកនូវទឹកកក និងព្រិលធ្លាក់ក្នុងកម្រិតដែលមិនធ្លាប់មាន អាចបង្កឱ្យមានវិនាសកម្មកាន់តែធំនៅតាមតំបន់ភាគអាគ្នេយ៍នៃប្រទេស។

ដោយមើលឃើញពីសភាពធ្ងន់ធ្ងរនៃគ្រោះធម្មជាតិនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តអនុម័តការប្រកាសអាសន្នថ្នាក់សហព័ន្ធនៅក្នុងរដ្ឋចំនួន១២ភ្លាមៗ ហើយលោកក៏បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម Truth Social ឱ្យរក្សាសុវត្ថិភាពឱ្យបានខ្ពស់បំផុត។ បច្ចុប្បន្ន មានរដ្ឋសរុបចំនួន១៧ហើយ ដែលបានស្ថិតក្នុងស្ថានភាពអាសន្ន ខណៈរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី គ្រីស្ទី ណូម បានក្រើនរំឭកដល់ពលរដ្ឋឱ្យប្រញាប់ស្ដុកទុកអាហារ និងប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ព្រោះអាកាសធាតុនឹងបន្តធ្លាក់ចុះត្រជាក់ខ្លាំងបំផុត រហូតដល់ដើមសប្តាហ៍ក្រោយ៕




