អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ហែចាន់ ទទួលមរណភាពពេលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម
ហៀប ស៊ីថេត
21 ម៉ោងមុន

ទីក្រុងព្រៃនគរ៖ ឥស្សរជននយោបាយជាន់ខ្ពស់ប្រទេសកូរ៉េខាងត្បូង លោក លី ហែចាន់ (Lee Hae-chan) ជាសមាជិកក្រុមទីប្រឹក្សាប្រធានាធិបតី ជាអនុប្រធាននៃក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមសន្តិភាព ហើយក៏ធ្លាប់កាន់តំណែងនាយករដ្ឋមន្រ្តីផងនោះ បានទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ កាលពីថ្ងៃអាទិត្យទី២៥ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់តំបន់នៃក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមសន្តិភាព(PUAC)។

លោក លី ហែចាន់ (Lee Hae-chan) 
លោក លី ហែចាន់ (Lee Hae-chan) 

អតីតនាយករដ្ឋមន្រ្តី លោក លី ហែចាន់ បានទទួលមរណភាពក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម បន្ទាប់ពីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងព្រៃនគរ(ហូជីមិញ)បាន២ថ្ងៃ។ លោក លី ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគាំងបេះដូង។ នៅពេលនោះ លោកបានទទួលការវះកាត់ភ្លាមៗ ប៉ុន្តែមិនអាចជាសះស្បើយបានទេ។ គេនៅចាំបានថា លោក លី បានបង្ហាញអាការឈឺចាប់ដោយសាររោគសញ្ញាដូចជំងឺផ្តាសាយ មុនពេលលោកហោះចាកចេញទៅកាន់ប្រទេសវៀតណាម។ មានរាយការណ៍ថា លោកបានគាំងបេះដូង២ដង ដោយម្ដងក្នុងអំឡុងពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្ដងទៀតនៅក្នុងមន្ទីរពេទ្យ។ តាមការគ្រោងទុក សព​របស់លោក ​នឹងត្រូវបញ្ជូន​ត្រឡប់​ទៅ​កូរ៉េខាងត្បូង​វិញ​នៅ​ថ្ងៃ​អង្គារទី២៧ ខែមករា។

គួរជម្រាបថា លោក លី ធ្វើជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ក្នុងជំនាន់លោក រ៉ូហ៍ មូយុន (Roh Moo-hyun) ធ្វើជាប្រធានាធិបតី។ លោក លី ត្រូវបានតែងតាំងជាអនុប្រធាននៃក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមសន្តិភាព កាលពីខែតុលាឆ្នាំ២០២៥។ អាជីពនយោបាយរបស់លោកបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ជាមួយនឹងការចូលរួមនៅក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត