
រដ្ឋធានីណៃពិដោ៖ នៅក្នុងឱកាសប្រារព្ធខួបលើកទី៧៨ នៃទិវាឯករាជ្យជាតិរបស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យទី៤ ខែមករានេះ របបយោធាមីយ៉ានម៉ា បានប្រកាសលើកលែងទោស និងដោះលែងអ្នកទោសសរុបចំនួន៦១៣៤នាក់...។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង បានសម្រេចផ្តល់ការលើកលែងទោសដោយផ្អែកលើមូលហេតុមនុស្សធម៌ និងក្ដីមេត្តាករុណា ក្នុងនោះមានអ្នកទោសបរទេសចំនួន៥២នាក់ ក៏នឹងត្រូវដោះលែង និងនិរទេសចេញពីប្រទេសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការលើកលែងទោសនេះ មិនត្រូវបានអនុវត្តចំពោះអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរ ដូចជាអំពើឃាតកម្ម រំលោភសេពសន្ថវៈ ឬបទល្មើសសន្តិសុខជាតិធំៗនោះទេ។

នៅខាងមុខពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន សាច់ញាតិអ្នកទោសរាប់រយនាក់បាននាំគ្នាមកត្រៀមរង់ចាំទទួលសមាជិកគ្រួសាររបស់ពួកគេទាំងក្ដីសង្ឃឹម ខណៈអ្នកទោសភាគច្រើនដែលត្រូវបានដោះលែង គឺជាសកម្មជន និងអ្នកតវ៉ា ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១។ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺមិនមានសញ្ញាណាមួយបង្ហាញថា អតីតមេដឹកនាំគណបក្សប្រឆាំង លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង និងដាច់ទំនាក់ទំនងពីពិភពខាងក្រៅ នឹងមានឈ្មោះក្នុងបញ្ជីដោះលែងនាពេលនេះឡើយ។ អាជ្ញាធរបានបញ្ជាក់ថា ប្រសិនបើអ្នកត្រូវបានដោះលែងទាំងនោះ ប្រព្រឹត្តកំហុសម្ដងទៀត ពួកគេនឹងត្រូវត្រឡប់មកអនុវត្តទោសដែលនៅសល់ពីមុន បូកបន្ថែមនឹងទោសថ្មីទៀត៕



