
រដ្ឋធានីណៃពិដោ៖ ឈាមអ្នកប្រយុទ្ធតវង្សត្រកូល លោកឧត្តមសេនីយ៍ ណឺដាហ៍ ម្យ៉ា (Nerdah Mya) កូនប្រុសរបស់អតីតបុរសខ្លាំងនៃប្រធានសហភាពជាតិការ៉ែន (Karen) បានប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីរបបយោធាមីយ៉ាន់ម៉ា ហើយបង្កើត «សាធារណៈរដ្ឋកាថូឡី (Kawthoolei)» និងប្រកាសខ្លួនឯងជាប្រធានាធិបតីថ្មី រួមទាំងប្រកាសបង្កើតរដ្ឋាភិបាលថ្មី ការតែងតាំងនាយករដ្ឋមន្ត្រីថ្មី និងសមាជិកគណៈរដ្ឋមន្ត្រីថ្មី។ ទន្ទឹមនឹងការប្រកាសឯករាជ្យដ៏ឱឡារិកនេះ ទំនងជាមានថៃជាខ្នងបង្អែក...។

នៅក្នុងសេចក្តីប្រកាស លោក ណឺដាហ៍ ម្យ៉ា បាននិយាយថា សាធារណៈរដ្ឋកាថូឡី គឺជាទឹកដីដូនតារបស់ប្រជាជនការ៉ែន។ លើសពីនេះ លោកក៏បានលើកឡើងពីអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការផ្លាស់ប្ដូរនេះផងដែរ។ មិនតែប៉ុណ្ណោះ លោក បានអះអាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដួលរលំ ហើយប្រជាជនការ៉ែនកំពុងបង្កើតរដ្ឋឯករាជ្យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាលថ្មីនេះ បង្ហាញថា សេចក្តីប្រកាសនេះ គឺចាំបាច់ណាស់ ដោយសារតែប្រជាជនការ៉ែន ប្រឈមមុខនឹងការគៀបសង្កត់ ការរើសអើង និងយុទ្ធនាការអូសបន្លាយនៃអំពើហិង្សាអស់រយៈពេល៧៧ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ១៩៤៩។ គួរជម្រាបថា មនុស្សជាង៤០០នាក់ រួមទាំងជនស៊ីវិល និងមេដឹកនាំយោធា និងកងទ័ពការ៉ែន បានចូលរួមក្នុងពិធីប្រកាសឯករាជ្យនេះ។

មេដឹននាំការ៉ែនរូបនេះបញ្ជាក់បន្ថៃមថា ប្រជាជនការ៉ែន នឹងមិនទទួលយកការគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ាទៀតទេ ហើយនឹងធ្វើការឆ្ពោះទៅរកការបង្កើតរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមជនជាតិភាគតិច និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាពិសេស ប្រទេសថៃតែម្ដង។ ជាចុងក្រោយ លោកក៏បាននិយាយផងដែរថា មនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនចង់ចូលរួមក្នុងការបោះឆ្នោតនាពេលនេះទេ ពួកគេចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយអស្ថិរភាពនឹងបន្តកើតមាន ប្រសិនបើការគ្រប់គ្រងបែបផ្តាច់ការនៅតែបន្ត។ អ្នកវិភាគមួយចំនួនយល់ឃើញថា ការប្រកាសឯករាជ្យ ទំនងជាមានការលូកដៃពីប្រទេសថៃ ព្រោះថា ការ៉ែនមានទីតាំងជាប់ព្រំដែនជាមួយប្រទេសថៃ ហើយបើពឹងលើតែក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនតែម្នាក់ឯង ទំនងជាមិនអាចធ្វើរឿងដ៏ធំសម្បើមបែបនេះបានឡើយ។ យ៉ាងណា ជុំវិញការលើកឡើងខាងលើ មិនទាន់មានការឆ្លើយតបពីខាងភាគីថៃនៅឡើយទេ។

ទន្ទឹមនឹងមេដឹកនាំការ៉ែនប្រកាសថា បន្ទាប់ពីឯករាជ្យ ប្រជាជាតិថ្មីមួយនេះ នឹងត្រូវងាកទៅរកថៃ ដើម្បីបង្កើនកិច្ចសហរប្រតិបត្តិការកាន់តែច្រើន ព្រោះការ៉ែនចាត់ទុកថៃជាបងប្អូន ដូច្នេះ ថៃនឹងយល់ពីស្ថានការណ៍ដ៏ស្មុគស្មាញមួយនេះ។ ប្រសិនបើថៃ ពិតជានៅពីក្រោយការប្រកាសឯករាជ្យរបស់រដ្ឋការ៉ែនមែននោះ តើវានឹងមានអ្វីកើតឡើងសម្រាប់យោធាមីយ៉ាន់ម៉ា..? ជាការពិតណាស់ ភាពតានតឹងជាមួយរបបយោធាមីយ៉ាន់ម៉ា នឹងកម្រើកកាន់តែខ្លាំង ហើយការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនថៃ នឹងកាន់តែរីកធំឡើងខ្លាំងជាមិនខាន ជាពិសេស អស្ថិរភាពក្នុងតំបន់នឹងកើតឡើង ហើយរលកថ្មីនៃជនភៀសខ្លួន ក៏មានកាន់តែច្រើនឡើងដែរ។ នោះថៃ និងរបបសឹកមីយ៉ាន់ម៉ា អាចនឹងមើលមុខគ្នាមិនចំ ហើយងាយនឹងរអិលជើងចូលទៅក្នុងភ្លើងសង្គ្រាមរវាងរដ្ឋ និងរដ្ឋមិនខានឡើយ៕




