កាសែតអន្តរជាតិចុះផ្សាយព្រោងព្រាត រុញទិដ្ឋភាពកងកម្លាំងថៃប្រមាថព្រះវិស្ណុលើកទី២ កាន់តែរីកសុសសាយទៅដល់ភ្នែកអ្នកកាន់សាសនាហិណ្ឌូ
S
Soriya Sou
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ ថៃគួរណាស់តែប៉ះប៉ូវ ឬស្អំចិត្តបន្សាបកំហឹងអ្នកកាន់សាសនាហិណ្ឌូជុំវិញពិភពលោក ចំពោះការផ្តួលរំលំបដិមាព្រះវិស្ណុក្នុងដីកម្ពុជា តែផ្ទុយស្រឡះ ថៃបែរជាប្រព្រឹត្តកំហុសឆ្គងថ្មីបន្ថែមទៀតទៅវិញ ដោយមិនខ្វល់ពីទឹកចិត្តអ្នកកាន់សាសនាហិណ្ឌូឡើយ នោះគឺការយកព្រះពុទ្ធបដិមា មកដាក់តម្កល់លើទីតាំងព្រះវិស្ណុដែលខ្លួនបានផ្តួលរំលំនោះ។ មិនត្រឹមតម្កល់ព្រះពុទ្ធបដិមាជំនួសនោះទេ តែតាមរយៈរូបភាព គេឃើញមានកងកម្លាំងថៃម្នាក់ ឡើងទៅអង្គុយពីលើបដិមាព្រះវិស្ណុដែលដួលផ្កាប់ទៅនឹងព្រះធរណី ដោយព្រះសិរសាបានដាច់ចេញព្រះសូរងឬកបាត់ទៅហើយ។  

កងកម្លាំងថៃគ្មានសតិរូបនេះ ឡើងអង្គុយលើបដិមានព្រះវិស្ណុដើម្បីថតរូប បន្ទាប់ពីព្រះពុទ្ធបដិមាត្រូវបានដាក់តម្កល់រួចរាល់។ ថ្វីបើបង្ហាញការគោរពព្រះពុទ្ធបដិមាជាព្រះសាស្ដានៃព្រះពុទ្ធសាសនាពិតមែន តែទន្ទឹមគ្នានេះ ពួកគេបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់បដិមាព្រះវិស្ណុ ជាព្រះអាទិទេពមួយព្រះអង្គក្នុងសាសនាហិណ្ឌូ ឬសាសនាព្រហ្មញ្ញ។ មនុស្សលើពិភពលោក មានសិទ្ធិគោរពប្រតិបត្តិសាសនារៀងៗខ្លួន តែមិនត្រូវប្រមាថព្រះក្នុងសាសនាដទៃឡើយ ព្រោះជាហេតុធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ និងបង្កការឈឺចាប់ដល់អ្នកកាន់សាសនានោះ។

រូបសំណាកព្រះវិស្ណុ ពេលដែលយោធាថៃផ្ដួលរំលំ កំពុងពេលឈ្លានពានកម្ពុជាលើកទី២។
រូបសំណាកព្រះវិស្ណុ ពេលដែលយោធាថៃផ្ដួលរំលំ កំពុងពេលឈ្លានពានកម្ពុជាលើកទី២។

រូបភាពកងកម្លាំង និងជនស៊ីវិលថៃ យកព្រះពុទ្ធបដិមាទៅតម្កល់ជំនួសព្រះវិស្ណុ និងថែមទាំងមានកងកម្លាំងម្នាក់ឡើងទៅអង្គុយលើបដិមាព្រះវិស្ណុ នឹងធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដល់អ្នកកាន់សាសនាហិណ្ឌូ ជាពិសេសប្រជាជនឥណ្ឌាយ៉ាងច្រើនលើសលប់។ សារព័ត៌មានបរទេសជាច្រើន ដោយក្នុងនោះក៏មានសារព័ត៌មានឥណ្ឌាផង បានផ្សព្វផ្សាយយ៉ាងព្រោងព្រាតព្រមៗគ្នា និងបន្តបន្ទាប់គ្នាអំពីទិដ្ឋភាព្រមាថបដិមានព្រះវិស្ណុជាលើកទី២ ពីសំណាក់កងកម្លាំង និងជនស៊ីវិលថៃ។ 

កាសែតបរទេសទាំងនោះ មានដូចជា The Star, Straits Times (ស្ត្រេត ថាមស៍), CNA, Economic Times, Wion (វីអន), NDTV, និង Firstpost ជាដើម បានចុះផ្សាយអត្ថបទស្រដៀងគ្នាថា៖«ព្រះពុទ្ធបដិមា ត្រូវបានកងកម្លាំងថៃសាងសង់ជំនួសរូបសំណាកព្រះវិស្ណុ នៅតំបន់ព្រំដែនអានសេះ [ខាងកម្ពុជា] ដែលជនជាតិថៃ ហៅថា [តំបន់នេះ] ថា អានម៉ា។ ការដំឡើងរូបសំណាកព្រះពុទ្ធនេះ ធ្វើឡើងក្រោយកងកម្លាំងថៃបានបំផ្លាញរូបសំណាកព្រះវិស្ណុ នៅក្នុងតំបន់អានសេះ ដែលរដ្ឋាភិបាលកម្ពុជាអះអាងថា ផ្ទុយនឹងកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងជាមួយគ្នា»។ រូបភាពអំពីកងកម្លាំងថៃឡើងអង្គុយលើបដិមាព្រះវិស្ណុ ក៏មានក្នុងអត្ថបទសារព័ត៌មានបរទេសទាំងនោះដែរ។ 

កន្លងមកក្រសួងការបរទេសឥណ្ឌា ធ្លាប់ចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម និងបង្ហាញការមិនពេញចិត្តរួចមកហើយ ពេលឃើញយោធាថៃប្រើអេស្កាវ៉ាទរដៃវែង ផ្តួលរំលំបដិមាព្រះវិស្ណុនេះ។ ឥណ្ឌា តាមរយៈក្រសួងការបរទេសខ្លួន ផ្ញើសារទៅថៃថា «ទោះមានជម្លោះទឹកដី[ជាមួយកម្ពុជា]ក៏ដោយ ក៏ប៉ុន្តែ អំពើប្រមាថ និងបង្កការឈឺចាប់បែបនេះ ទៅដល់អ្នកគោរពប្រតិបត្តិសាសនានៅជុំវិញពិភពលោក មិនគួរឱ្យកើតមាននោះទេ»។ ប្រតិកម្មផ្គុំគ្នា ពីសំណាក់កម្ពុជា ជាភាគីរងការឈ្លានពានផង និងពីសំណាក់ឥណ្ឌាដែលមានប្រជាជនច្រើនជាងលើពិភពលោកផង មិនចូលត្រចៀកថៃបន្តិចឡើយ តែបែរជារឹតតែផ្គើនលើសដើមទៅវិញ។ តើរដ្ឋាភិបាលឥណ្ឌា និងអ្នកកាន់សាសន៍ហិណ្ឌូ នឹងប្រតិកម្មយ៉ាងណា ចំពោះការប្រមាថរបស់កងកម្លាំងថៃជាលើកទីទៅលើព្រះវិស្ណុបែបនេះ?

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត