ក្រសួងវប្បធម៌ និងក្រសួងធម្មការ ស្នើពិភពលោកថ្កោលទោសថៃ លើទង្វើទមិឡឥតសាសនា វាយកម្ទេចរូបសំណាកព្រះវិស្ណុ
S
Soriya Sou
មួយខែមុន

រាជធានីភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសភាគីថៃ ដែលបានវាយកម្ទេចរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា និងស្នើឱ្យពិភពលោករួមគ្នាថ្កោលទោស ទង្វើទមិឡឥតសាសនានេះឱ្យបានខ្លាំងក្លាបំផុត...។

រូបសំណាកព្រះវិស្ណុ ស្ថិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដែលត្រូវបានយោធាថៃកម្ទេចចោល
រូបសំណាកព្រះវិស្ណុ ស្ថិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដែលត្រូវបានយោធាថៃកម្ទេចចោល

រូបសំណាកព្រះវិស្ណុ ដែលត្រូវបានគេដឹងថា ជាព្រះអាទិទេពដ៏សំខាន់ក្នុងសាសនាព្រាហ្មណ៍ តាមបែបហិណ្ឌូនិយម សម្រាប់ការគោរពបូជា ស្ថិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា ត្រូវបានយោធាថៃសាហាវយង់ឃ្នង វាយកម្ទេចចោលកាលពីពេលថ្មីៗ អមជាមួយសំឡេងសើចក្អាកក្អាយ។ ក្រសួងធម្មការ ចាត់ទុកសកម្មភាពនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នកគោរពសាសនានៅជុំវិញពិភពលោក ហើយក៏ជាផ្នែកមួយនៃបេតិកភណ្ឌ អារ្យធម៌រួមគ្នារបស់មនុស្សជាតិ។ ក្រសួងបានស្នើដល់សាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិ ថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃមកលើកម្ពុជា ជាពិសេសការបំផ្លាញរូបសំណាកព្រះវិស្ណុ ដែលត្រូវបានប្រជាជនទូទៅក្នុងពិភពលោកគោរពបូជាយ៉ាងខ្ពង់ខ្ពស់។

លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា

ដូចគ្នាដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការបំផ្លាញរូបសំណាកព្រះវិស្ណុ រូបសំណាក តា អ៊ុំ នៅតំបន់អានសេះ ខេត្តព្រះវិហារ ជាទង្វើគ្មានសីលធម៌ គ្មានសាសនា ហើយវាបានបញ្ជាក់ច្បាស់ថា ភាគីថៃយកវប្បធម៌ និងជំនឿសាសនា ធ្វើជាសត្រូវរបស់ខ្លួន។ មិនមែនតែរូបសំណាកព្រះវិស្ណុ រូបសំណាកតាអ៊ុំ តែយោធាថៃឈ្លានពាន បានប្រើប្រាស់យន្តហោះ F-16 និង T-50TH ទម្លាក់គ្រាប់បែកគ្រប់ទីកន្លែង បំផ្លាញលំនៅឋានប្រជាជន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់បេតិកភណ្ឌ (ប្រាសាទព្រះវិហារទទួលរងការខូចខាតធ្ងន់ធ្ងរ រីឯប្រាសាទតាក្របីត្រូវបានបំផ្លាញទាំងស្រុង) ដែលនេះជាទង្វើដ៏ព្រៃផ្សៃ និងរំលោភបំពានដល់សិទ្ធិមនុស្ស ច្បាប់អន្តរជាតិ។ «យើងសូមអំពាវនាវដល់បណ្តាសហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសចំពោះសកម្មភាពឈ្លានពានដោយកំរោលរបស់យោធាថៃ មកលើបូរណភាពទឹកដីអធិបតេយ្យភាពកម្ពុជា និងជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពឈ្លានពាន បំផ្លិចបំផ្លាញបេតិកភណ្ឌកម្ពុជា»។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សូមជម្រាបថា ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៥ បានប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពយោធាថៃបំផ្លាញរូបសំណាកព្រះវិស្ណុ ស្ថិតក្នុងទឹកដីកម្ពុជា។ រដ្ឋធានីញូវដេលី ចាត់ទុកសកម្មភាពរបស់ភាគីថៃ ជាទង្វើខ្វះការគោរព និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនា នៅជុំវិញពិភពលោក ហើយការបំផ្លិចបំផ្លាញនិមិត្តរូបសាសនាបែបនេះ មិនគួរកើតមានទេ៕

លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា  
លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត