ថៃបង្កើនការឈឺចាប់កាន់តែខ្លាំងដល់អ្នកកាន់សាសនាហិណ្ឌូជុំវិញពិភពលោក៖ ផ្តួលរំលំរូបសំណាកព្រះវិស្ណុហើយ ឡើងអង្គុយពីលើថែមទៀត
S
Soriya Sou
23 មករា 2026 05:49 AM

រាជធានីភ្នំពេញ៖ ផ្ដួលរំលំរូបសំណាកព្រះវិស្ណុមិនអស់ចិត្ត ពេលនេះ ថៃបន្តប្រព្រឹត្តអំពើខុសឆ្គងបន្ថែមទៀត ដោយឡើងជាន់ និងអង្គុយពីលើរូបសំណាកព្រះវិស្ណុដែលខ្លួនបានកម្ទេច ក្នុងទឹកដីប្រទេសកម្ពុជា។ ទង្វើនេះ បានវាយប្រហារកាន់តែខ្លាំងមួយកម្រិតថែមទៀត ទៅលើផ្លូវចិត្តអ្នកកាន់សាសនាហិណ្ឌូ ឬសាសនាព្រហ្មញ្ញជុំវិញពិភពលោក ជាពិសេសប្រជាជនឥណ្ឌា។

ថៃនាំគ្នាដំឡើងរូបសំណាកព្រះពុទ្ធបដិមា និងឡើងអង្គុយលើរូបសំណាកព្រះវិស្ណុ ដែលខ្លួនបានផ្ដួលរំលំ ស្ថិតក្នុងទឹកដីកម្ពុជា។
ថៃនាំគ្នាដំឡើងរូបសំណាកព្រះពុទ្ធបដិមា និងឡើងអង្គុយលើរូបសំណាកព្រះវិស្ណុ ដែលខ្លួនបានផ្ដួលរំលំ ស្ថិតក្នុងទឹកដីកម្ពុជា។

រូបសំណាកព្រះវិស្ណុ ស្ថិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវបានយោធាថៃប្រើគ្រឿងចក្រដៃវែង ផ្ដួលរំលំចោលក្នុងកំលុងពេលបើកការឈ្លានពានកម្ពុជាលើកទី២ក្នុងខែធ្នូ ឆ្នាំ២០២៥។ ពេលនោះ ពួកគេសើចសប្បាយក្អាកក្អាយនឹងការវាយកម្ទេច ដោយមិនខ្វល់ថា ទង្វើនេះជាអំពើប្រមាថដល់សាសនាដែលមាន​មនុស្សរាប់ពាន់លាននាក់គោរព។

ព្រះវិស្ណុ ឬព្រះនារាយណ៍ គឺជាអាទិទេពមួយអង្គ ក្នុងចំណោមអាទិទេពទាំង៣អង្គ ក្នុងសាសនាហិណ្ឌូ។ សាសនាហិណ្ឌូ ជាសាសនាធំលំដាប់ទី៣លើពិភពលោក ដែលមានប្រជាជនជុំវិញពិភពលោកគោរពប្រតិបត្តិ ពិសេសប្រជាជនឥណ្ឌាតែម្តង។ បច្ចុប្បន្ន ឥណ្ឌា មានប្រជាជន១,៤ពាន់លាននាក់ ជាចំនួនច្រើនជាងគេលើពិភពលោក ហើយប្រជាជនឥណ្ឌាដល់ទៅប្រមាណ៨០ភាគរយ ជាអ្នកកាន់សាសនាហិណ្ឌូ។

ពេលឃើញយោធាថៃប្រមាថទៅលើបដិមាព្រះវិស្ណុ តាមរយៈការប្រើអេស្កាវ៉ាទរដៃវែង ផ្តួលរំលំបែបនេះ ក្រសួងការបរទេសឥណ្ឌា ក៏បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម និងបង្ហាញការមិនពេញចិត្ត។ ឥណ្ឌា តាមរយៈក្រសួងការបរទេស បានបង្កប់ន័យថ្កោលទោស ដោយមិនចាំបាច់ប្រើពាក្យថ្កោលទោស និងផ្តល់សារអប់រំទៅដល់ថៃថា «ទោះមានជម្លោះទឹកដី[ជាមួយកម្ពុជា]ក៏ដោយ ក៏ប៉ុន្តែ អំពើប្រមាថ និងបង្កការឈឺចាប់បែបនេះ ទៅដល់អ្នកគោរពប្រតិបត្តិសាសនានៅជុំវិញពិភពលោក មិនគួរឱ្យកើតមាននោះទេ»។

រូបសំណាកព្រះវិស្ណុ ពេលដែលយោធាថៃផ្ដួលរំលំ កំពុងពេលឈ្លានពានកម្ពុជាលើកទី២។
រូបសំណាកព្រះវិស្ណុ ពេលដែលយោធាថៃផ្ដួលរំលំ កំពុងពេលឈ្លានពានកម្ពុជាលើកទី២។

ការវាយកម្ទេចរូបសំណាកព្រះវិស្ណុពីសំណាក់យោធាថៃលើទឹកដីកម្ពុជា នាពេលនោះបានរងប្រតិកម្មយ៉ាងខ្លាំងពីប្រជាជនកម្ពុជា និងអ្នកកាន់សាសនាហិណ្ឌូ ពិសេសប្រជាជនឥណ្ឌា រហូតមានការចេញមកថ្កោលទោស ហើយប្រកាសពហិការឈប់ទៅលេងប្រទេសថៃទៀតផង។ ប៉ុន្តែ គេសង្កេតឃើញថៃ ហាក់មិនបានខ្វល់នឹងការថ្កោលទោស និងមតិរិះគន់ទាំងនេះទៅវិញ។ ប៉ុន្មានថ្ងៃថ្មីៗនេះ ថៃបានយកព្រះពុទ្ធបដិមាមួយព្រះអង្គ មកដំឡើងនៅកន្លែងរូបសំណាកព្រះវិស្ណុដែលយោធាខ្លួនបានផ្ដួលរំលំ។ ពេលតម្កល់ព្រះពុទ្ធបដិមារួច មានអ្នកខ្លះក៏ឡើងទៅអង្គុយលើរូបសំណាកព្រះវិស្ណុ ដើម្បីថតរូប។   

លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសា
លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសា

រូបភាពអង្គុយលើរូបសំណាកព្រះវិស្ណុ កំពុងត្រូវបានបង្ហោះពេញបណ្ដាញសង្គម ហើយច្បាស់ជាទៅដល់ភ្នែកអ្នកកាន់សាសនាហិណ្ឌូនៅលើពិភពលោកជាមិនខាន។ ចំណែក ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២២មករា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍តវ៉ាចំពោះសម្មភាពរបស់យោធាថៃ ដែលបានរំលោភបំពានលើដីកម្ពុជា ដោយនាំគ្នាយកព្រះពុទ្ធបដិមា មកតម្កល់នៅលើទីតាំងរូបសំណាកព្រះវិស្ណុ​។ ក្រសួងធម្មការ ហៅទង្វើនេះ ថាផ្ទុយនឹងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ ក្រសួងទាមទារឱ្យភាគីថៃចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀងជាមួយកម្ពុជា៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត