
រដ្ឋធានីព្យុងយ៉ាង៖ លោកស្រី គីម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់រដ្ឋធានីសេអ៊ូល ដោយចាត់ទុកក្ដីសង្ឃឹមរបស់កូរ៉េខាងត្បូង ក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរថា«ជាការយល់សប្តិដែលមិនអាចក្លាយជាការពិត»...។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ការលើកឡើងរបស់ លោកស្រី គីម យូជុង ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមន្ត្រីក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង ដែលបានលើកឡើងថា រដ្ឋធានីសេអ៊ូល មើលឃើញពីឱកាសក្នុងការបន្តកិច្ចសន្ទនាឡើងវិញ បន្ទាប់ពីលោកស្រីបានបង្ហាញប្រតិកម្មបែបបន្ទន់ឥរិយាបថបន្តិច ជុំវិញបញ្ហាយន្តហោះដ្រូន ដែលកូរ៉េខាងជើងចោទថា បានហោះចូលដែនអធិបតេយ្យភាពរបស់ខ្លួន។ លោកស្រី គីម បានបញ្ជាក់យ៉ាងច្បាស់ថា៖«រាល់ក្ដីសង្ឃឹម និងការយល់សប្តិទាំងកណ្ដាលថ្ងៃរបស់រដ្ឋធានីសេអ៊ូល ជុំវិញការជួសជុលទំនាក់ទំនង នឹងមិនអាចក្លាយជាការពិតឡើយ»។

បន្ថែមលើនេះ លោកស្រី គីម យូជុង បានហៅរដ្ឋាភិបាលកូរ៉េខាងត្បូងថា ជា «ក្រុមក្មេងទំនើងនៃរដ្ឋសត្រូវ» និងបានទាមទារឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លី ជេម៉្យុង ចេញមុខសុំទោសជាផ្លូវការ ចំពោះការរំលោភបំពានអធិបតេយ្យភាព តាមរយៈការប្រើប្រាស់ដ្រូន ព្រមទាំងសន្យាថា មិនឱ្យហេតុការណ៍បែបនេះ កើតឡើងជាថ្មីទៀតឡើយ។ ទោះបីជាប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម៉្យុង ព្យាយាមប្រើប្រាស់មធ្យោបាយការទូត ដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយយ៉ាងណាក៏ដោយ ប៉ុន្តែជំហររឹងត្អឹងចុងក្រោយរបស់រដ្ឋធានីព្យុងយ៉ាង បានបង្ហាញថា ផ្លូវឆ្ពោះទៅរកសន្តិភាពនៅឧបទ្វីបកូរ៉េនៅតែបន្តមានភាពស្រពិចស្រពិល និងពោរពេញដោយភាពប្រឈមមុខដាក់គ្នា៕



