
រដ្ឋធានីសេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃចន្ទទី១២ ខែមករានេះ ថា អាជ្ញាធរបានបើកការស៊ើបអង្កេតមួយផ្តោតលើលទ្ធភាពដែលជនស៊ីវិលអាចបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន ដោយកូរ៉េខាងជើងចោទថាបានរំលោភលើដែនអាកាសរបស់ខ្លួន...។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង បានប្តេជ្ញាបើកការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ខណៈមេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើជនស៊ីវិលពិតជាបានបង្ហោះយន្តហោះគ្មានមនុស្សបើកមែននោះ វាគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងត្បូងមានឆន្ទៈក្នុងការស៊ើបអង្កេតរួមគ្នាជាមួយកូរ៉េខាងជើង ជុំវិញឧប្បត្តិហេតុនេះ។

គួររំឭកបន្តិចថា យោធាកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃសៅរ៍ទី១០មករាថា ប្រទេសកូរ៉េខាងត្បូង បានបង្ហោះយន្តហោះគ្មានមនុស្សបើកមួយគ្រឿងទៀត ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ខណៈសកម្មភាពបែបនេះបានរំលោភលើអធិបតេយ្យភាពរដ្ឋធានីព្យុងយ៉ាង[យ៉ាង]ធ្ងន់ធ្ងរ។ យន្តហោះគ្មានមនុស្សបើកនោះ ដែលហោះចេញពីកោះមួយក្នុងទីក្រុងអ៊ីនឆុន (Incheon) របស់កូរ៉េខាងត្បូង ហោះបានចម្ងាយ៨គីឡូម៉ែត្រ មុនពេលវាត្រូវបានបាញ់ទម្លាក់នៅខាងក្នុងដែនអាកាសកូរ៉េខាងជើង។ នេះបើតាមការអះអាងដោយរបបព្យុងយ៉ាង៕



